ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល នៅថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៣នេះ បានអំពាវនាវរួមគ្នាលុបបំបាត់មនោគមវជ្ជាចេញពីកម្ពុជា និងរួមគ្នាផ្សព្វផ្សាយពី «សៀវភៅខៀវ» ដើម្បីរួមគ្នាលុបបំបាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយម រក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានលើកឡើងថា សៀវភៅ «ខៀវ» គឺជាសៀវភៅមួយក្បាល ដែលផ្តល់នូវពុទ្ធិសម្រាប់ប្រជាជន គ្រប់មជ្ឈដ្ឋាន ហើយតាមរយៈសៀវភៅនេះ ក្រុមយុវជនសង្គមស៊ីវិល បានអំពាវនាវដល់បណ្តាគណបក្សនយោបាយ អង្គការ សមាគម និងសង្គមស៊ីវិល រួមគ្នាលុបបំបាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយម ដើម្បីសន្តិភាព និងការអភិវឌ្ឍ។
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានលើកឡើងថា រយៈពេលនេះជារយៈពេលដ៏មានសារៈសំខាន់បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ២០៣០ និងរយៈពេលវែងនៅឆ្នាំ២០៥០។ ក្នុងន័យនេះកម្ពុជា ត្រូវការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពារលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា។
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានអំពាវនាវដល់ សកម្មជនប្រឆាំង ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាសកសាងសង្គមជាតិរួមគ្នា កុំបណ្តោយខ្លួនឲ្យជាក្លាយជាឈ្នាន់នយោបាយ ដែលអាចបណ្តាលឲ្យក្លាយជាជនរងគ្រោះដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ជាពិសេសអំពាវនាវដល់បណ្តាលគណបក្សនៅក្នុងប្រទេសកម្ពុជាទាំងអស់ រួបរួមគ្នាលុបបំបាត់នយោបាយបំបែកបំបាក់ ទុច្ចរិត និងខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឲ្យអស់ចេញពីកម្ពុជា៕ ដោយ ៖ ដារា








