
អ៊ីរ៉ាក់បានកោះហៅបេសកជនរបស់អ៊ីរ៉ង់ នៅទីក្រុងបាកដាដ ហើយបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅទីក្រុងតេអេរ៉ង់ នៅថ្ងៃអង្គារ (ទី១៦ ខែមករា) ខណៈដែលបានស្តីបន្ទោសយ៉ាងខ្លាំងក្លាចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន ជុំវិញការវាយប្រហារដោយមីស៊ីលដ៏សាហាវទៅលើតំបន់ស្វយ័តឃឺដរបស់ខ្លួន។
អ៊ីរ៉ាក់បានជំទាស់នឹងការអះអាងរបស់អ៊ីរ៉ង់ដែលថា ការវាយប្រហារនេះសំដៅលើសេវាស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល ដើម្បីជាការឆ្លើយតបទៅនឹងការធ្វើឃាតរបស់អ៊ីស្រាអែលនាពេលថ្មីៗនេះលើមេបញ្ជាការអ៊ីរ៉ង់ និងគាំទ្រអ៊ីរ៉ង់។ ជាមួយគ្នានេះ អ៊ីរ៉ាក់បានប្រាប់ថា ខ្លួននឹងដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញការវាយប្រហាររបស់អ៊ីរ៉ង់លើអធិបតេយ្យភាពរបស់ខ្លួន។
ការវាយប្រហាររបស់អ៊ីរ៉ង់ ដែលក៏បានវាយប្រហារផងដែរទៅលើគោលដៅក្រុមរដ្ឋឥស្លាម នៅក្នុងប្រទេសស៊ីរីភាគខាងលិចរបស់ប្រទេសអ៊ីរ៉ាក់ បានកើតឡើងអមជាមួយនឹងការមានភាពតានតឹងខ្លាំង នៅទូទាំងតំបន់មជ្ឈិមបូព៌ា ខណៈដែលអ៊ីស្រាអែលប្រយុទ្ធជាមួយក្រុមហាម៉ាសដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ ហើយសហរដ្ឋអាមេរិកបានថ្កោលទោសចំពោះការវាយប្រហារនេះ។
ក្រុមប្រឹក្សាសន្តិសុខក្នុងតំបន់ បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៤នាក់ បានស្លាប់ និង ៦នាក់រងរបួសនៅក្នុងការវាយប្រហារទៅលើជនជាតិឃឺដអ៊ីរ៉ាក់។ អ៊ីរ៉ង់បានការពារការវាយប្រហារដោយមីស៊ីលរបស់ខ្លួន ក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីនេះ ដោយនិយាយថា ការវាយប្រហារនោះជា «ប្រតិបត្តិការកំណត់គោលដៅ» និង «គ្រាន់តែជាការដាក់ទណ្ឌកម្ម» ប្រឆាំងនឹងអ្នកដែលរំលោភលើសន្តិសុខរបស់សាធារណរដ្ឋឥស្លាមមួយនេះ៕