
មន្ត្រីក្រុមហ៊ុនអាកាសចរណ៍ Korean Air បានឲ្យដឹងថា យន្តហោះ ២គ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines របស់កូរ៉េខាងត្បូង និង Cathay Pacific Airways របស់ទីក្រុងហុងកុង បានខ្ទាស់ស្លាបគ្នា នៅឯអាកាសយានដ្ឋាន New Chitose នៅលើកោះ Hokkaido ភាគខាងជើងរបស់ប្រទេសជប៉ុន នៅថ្ងៃអង្គារ (ទី១៦ ខែមករា) នេះ ចំពេលមានស្ថានភាពអាកាសធាតុត្រជាក់ខ្លាំង។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា គ្មានអ្នករងរបួសត្រូវបានរាយការណ៍នៅលើយន្តហោះទាំងពីរនោះទេ។ មន្ត្រីអាកាសចរណ៍បាននិយាយថា ជើងហោះហើររបស់ Korean Air មានអ្នកដំណើរ និងសមាជិកអាកាសយានិកចំនួន ២៨៩នាក់ នៅលើយន្តហោះ។ តែយ៉ាងណាក្ដី របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន មានព័ត៌មានផ្ទុយគ្នា ជុំវិញអ្នកដំណើរនៅលើយន្តហោះរបស់ Cathay Pacific Airways ខណៈដែលក្រុមហ៊ុនអាកាសចរណ៍មួយនេះ មិនអាចទាក់ទងបានភ្លាមៗនោះឡើយ។
មន្ត្រីបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលរថយន្តអូស ដែលកំពុងរុញយន្តហោះរបស់ Korean Air ថយក្រោយ មុនពេលចេញដំណើរ បានរអិលដោយសារតែព្រិលលើដី ដែលនាំឲ្យស្លាបខាងឆ្វេងរបស់យន្តហោះទៅខ្ទាស់ស្លាបកន្ទុយខាងស្តាំនៃយន្តហោះរបស់ Cathay Pacific ។
មន្ត្រីអាកាសចរណ៍បាននិយាយថា ការវាយតម្លៃដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines បានសន្មតថា មូលហេតុមកពីអ្នកបើកបរនៅដី ដែលកំពុងអូសយន្តហោះក្នុងស្ថានភាពព្រិលធ្លាក់ខ្លាំង។ អ្នកនាំពាក្យរបស់អាកាសយានដ្ឋានមិនអាចទាក់ទងបានភ្លាមៗនោះទេ សម្រាប់ការសុំអត្ថាធិប្បាយ៕