សាធារណរដ្ឋឆែក៖ ក្រុមអ្នកសង្គ្រោះបាននិយាយថា មនុស្សមួយចំនួនដែលពុំបានដឹងពីចំនួនពិតប្រាកដបានស្លាប់ និងរាប់សិបនាក់រងរបួស បន្ទាប់ពីព្យុះកួចបានវាយប្រហារធ្វើឲ្យលំនៅឋានជាច្រើនខ្នងបាក់រាបដល់ដី នៅក្នុងភាគអាគ្នេយ៍របស់សាធារណរដ្ឋឆែកកាលពីថ្ងៃព្រហស្បតិ៍។

អ្នកនាំពាក្យអង្គភាពផ្ដល់សេវាសង្គ្រោះបន្ទាន់ក្នុងតំបន់ លោកស្រី Hedvika Kropackova បានប្រាប់សារព័ត៌មាន AFP ថា គួរឲ្យសោកស្ដាយ យើងអាចបញ្ជាក់បានថា មានជនរងគ្រោះមួយចំនួន ប៉ុន្តែខ្ញុំមិនអាចប្រាប់អ្នកទាំងអស់គ្នាពីចំនួនពិតប្រាកដបានទេ។ លោកស្រីបាននិយាយថា ចំនួនអ្នកស្លាប់នឹងស្ថិតនៅក្នុងចំនួនតែមួយខ្ទង់ មិនដល់រាប់សិបនាក់នោះទេ ប៉ុន្តែលោកស្រីបានបន្ថែមថា មិនទាន់អាចប៉ាន់ស្មានបានទេ ខណៈមនុស្សនៅតែជាប់ក្រោមគំនរបាក់បែក។
លោកស្រីបន្តថា ការប៉ាន់ប្រមាណបឋមអាចមានអ្នករបួសចន្លោះពី ១០០ ទៅ ១៥០នាក់ ប៉ុន្តែពេលនេះយើងរំពឹងត្រឹមចំនួនរាប់សិបនាក់ប៉ុណ្ណោះ។ ប៉ុន្តែមន្ទីរពេទ្យនៅក្នុងទីក្រុង Hodonin ជាប់ព្រំដែនរវាងសាធារណរដ្ឋឆែក និងស្លូវ៉ាក់បាននិយាយថា ខ្លួនបានព្យាបាលអ្នករងរបួសប្រមាណជាង ២០០នាក់។ លំនៅឋានប្រមាណ ៤៥.០០០ខ្នងនៅតែគ្មានអគ្គិសនីប្រើប្រាស់ក្រោយព្យុះកួចកាលពីថ្ងៃព្រហស្បតិ៍៕
អត្ថបទ៖ សុខមាន