ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ទៅលើគោលដៅនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ បានបង្កឱ្យមានជម្លោះមិនធម្មតារវាងសម្ព័ន្ធមិត្តជិតខាងទាំងពីរនេះកាលពីថ្ងៃអង្គារ (១៦ មករា) ដោយទីក្រុងបាកដាដ បានកោះហៅឯកអគ្គរដ្ឋទូតរបស់អ៊ីរ៉ង់ដើម្បីតវ៉ា ហើយទីក្រុងតេអេរ៉ង់ បានទទូចថាការវាយប្រហារនេះមានគោលបំណងរារាំងការគំរាមកំហែងពីចារកម្មអ៊ីស្រាអែលប៉ុណ្ណោះ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍កាលពីយប់ថ្ងៃច័ន្ទថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានវាយលុកនូវអ្វីដែលពួកគេហៅថាមជ្ឈមណ្ឌលចារកម្មរបស់អ៊ីស្រាអែលនៅតំបន់ពាក់កណ្តាលស្វយ័ត ឃើឌីស្ថាន (Kurdistan) របស់ប្រទេសអ៊ីរ៉ាក់ ខណៈដែលកងកម្លាំងវរជននេះបាននិយាយថាពួកគេក៏បានវាយប្រហារគោលដៅនៅក្នុងប្រទេសស៊ីរី ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមផងដែរ។

ការវាយប្រហារនេះទំនងជាធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីអស្ថិរភាពកាន់តែអាក្រក់ឡើងនៅទូទាំងមជ្ឈិមបូព៌ា ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមកាលពីថ្ងៃទី០៧ ខែតុលា មកដោយសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ជាច្រើនក៏បានចូលជ្រៀតជ្រែករាប់ចាប់ពីប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងយេម៉ែន។
គេក៏មានការព្រួយបារម្ភផងដែរថា អ៊ីរ៉ាក់អាចក្លាយជាចំណុចកណ្ដាលសម្រាប់ជម្លោះក្នុងតំបន់ម្តងទៀត បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ទៅលើក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ដែលជាផ្នែកនៃកងកម្លាំងសន្តិសុខផ្លូវការរបស់ប្រទេសអ៊ីរ៉ាក់ផងដែរ។ ការវាយប្រហារទាំងនោះបានកើតឡើងក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររាប់សិបលើកមកលើកងកម្លាំងអាមេរិកក្នុងតំបន់ដែលបានធ្វើចាប់តាំងពីថ្ងៃទី០៧ ខែតុលាមក៕