ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា ខ្លួនបានរឹបអូសអាវុធធម្មតាឈានមុខរបស់អ៊ីរ៉ង់ មានទិសដៅទៅកាន់ក្រុមឧទ្ទាមហ៊ួទី នៅប្រទេសយេម៉ែន កាលពីថ្ងៃទី ១១ ខែមករា។

សេចក្តីថ្លែងការណ៍បាននិយាយថា វាគឺជាការរឹបអូសលើកដំបូងនៃអាវុធធម្មតាឈាបមុខផ្គត់ផ្គង់ដោយប្រទេសអ៊ីរ៉ង់ ទៅដល់ក្រុមហ៊ួទី ចាប់តាំងពីការវាយប្រហាររបស់ក្រុមហ៊ួទី ទៅលើនាវាពាណិជ្ជកម្ម បានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា។

កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានរាយការណ៍ថា ខ្លួនបានរឹបអូសអាវុធដែលអ៊ីរ៉ង់បញ្ជូនមក ដើម្បីផ្គត់ផ្គង់ឡើងវិញដល់ក្រុមឧទ្ទាមហ៊ួទីនៅយេម៉ែន កាលពីសប្តាហ៍មុន។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា កងទ័ពជើងទឹកអាមេរិក បានរកឃើញអាវុធក្នុងអំឡុងពេលការវាយឆ្មក់ពេលយប់ នៅលើទូកមួគ្រឿងនៅសមុទ្រអារ៉ាប់ កាលពីថ្ងៃទី ១១ ខែមករា។
អ៊ីរ៉ង់ បានបដិសេធការជាប់ពាក់ព័ន្ធណាមួយទៅនឹងយុទ្ធនាការវាយប្រហាររបស់ក្រុមហ៊ួទី នៅសមុទ្រក្រហម ដែលបានបង្អាក់ដល់ការធ្វើពាណិជ្ជកម្មពិភពលោក។ សេចក្តីថ្លែងការណ៍បាននិយាយថា ការវាយឆ្មក់នៅលើទូកនៅជិតឆ្នេរសមុទ្រប្រទេសសូម៉ាលីកាលពីសប្តាហ៍មុន បានរកឃើញអាវុធធម្មតាឈានមុខ។
មីស៊ីលបាលីស្ទីក ដែលផលិតដោយអ៊ីរ៉ង់ និង សមាសធាតុមីស៊ីលស៊ីបគោលដៅ ត្រូវបានកងកម្លាំងអាមេរិករឹបអូសបាន។ ការរឹបអូស បានកើតឡើងនៅពេលដែលមានការកើនឡើងអំពើហិង្សាក្នុងតំបន់ ដែលជាប់ទាក់ទងទៅនឹងសង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា។
ក្រុមឧទ្ទាមហ៊ួទី ដែលគ្រប់គ្រងភាគច្រើននៅឆ្នេរសមុទ្រក្រហមរបស់ប្រទេសយេម៉ែន បាននិងកំពុងវាយប្រហារលើនាវាពាណិជ្ជកម្ម ដែលពួកគេនិយាយថា មានទំនាក់ទំនងជាមួយអ៊ីស្រាអែល ឬមានគោលដៅទៅកាន់កំពង់ផែអ៊ីស្រាអែល។ ការវាយលុកនេះ ត្រូវបានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ដែលយោងតាមក្រុមនៅប្រទេសយេម៉ែនបានឲ្យដឹងថា មានបំណងការពារពលរដ្ឋប៉ាឡេស្ទីន។