រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះ បាននិយាយថា អ៊ីស្រាអែល នឹងកាត់បន្ថយការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ នៅក្នុងទីក្រុងខាន់យូនីស ( Khan Younis) នៅពេលឆាប់ៗនេះ បន្ទាប់ពីមានការប្រយុទ្ធយ៉ាងខ្លាំងក្លាជាច្រើនសប្តាហ៍ នៅភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។

ការអធិប្បាយរបស់លោក លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) កាលពីថ្ងៃអង្គារ បានកើតឡើង នៅពេលដែលអ៊ីស្រាអែលប្រឈមមុខនឹងការកើនឡើងសម្ពាធអន្តរជាតិ រួមទាំងពីសហរដ្ឋអាមេរិកផងដែរ ដើម្បីកាត់បន្ថយការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅក្នុងដែនដីនេះ និងកាត់បន្ថយការស្លាប់ជនស៊ីវិល។

លោកបាននិយាយថា៖«នៅផ្នែកខាងជើងនៃតំបន់ហ្កាហ្សាស្រ្ទីប ដំណាក់កាល(ដ៏ខ្លាំងក្លា) នេះ ត្រូវបានបញ្ចប់។ នៅតំបន់ហ្កាហ្សាភាគខាងត្បូង យើងនឹងឈានទៅដល់ដំណាក់កាលនេះ ហើយបញ្ចប់វាក្នុងពេលឆាប់ៗនេះ ហើយនៅកន្លែងទាំងពីរនោះ ពេលវេលា នឹងមកដល់ នៅពេលដែលយើង នឹងបន្តទៅដំណាក់កាលបន្ទាប់»។

កងទ័ពអ៊ីស្រាអែល បានវាយលុកបើកផ្លូវរបស់ពួកគេ ទៅកាន់កណ្តាលនៃទីក្រុងខាន់យូនីសភាគខាងត្បូងដ៏ធំរបស់តំបន់ហ្កាហ្សា ចូលទៅក្នុងទីក្រុងភាគខាងជើង និងខាងកើតនៃកណ្តាលទីក្រុង ឌាអាល់បាឡា (Deir al-Balah)។
សេចក្តីប្រកាសរបស់លោកហ្គាឡែនធ៍ បានចោទជាសំណួរថាតើកងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងព្យាយាមឆ្ពោះទៅតំបន់ភាគខាងត្បូង ដែលនៅសេសសល់ ដែលប្រជាជនភាគច្រើននៃតំបន់ហ្កាហ្សាមានប្រជាជនចំនួន ២,៣លាននាក់ឬអត់។