ក្រសួងសុខាភិបាលមានមូលដ្ឋាននៅក្នុងតំបន់ហ្កាហ្សា បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់ដោយសារការវាយប្រហារដែលនៅតែបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់២៤.២៨៥នាក់ ។

ក្រសួងនេះ បាននិយាយនៅសេចក្ដីថ្លែងការណ៍មួយថា ទាហានអ៊ីស្រាអែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ចំនួន១៥៨នាក់ និង៣២០នាក់ផ្សេងទៀត រងរបួសអំឡុង២៤ម៉ោងកន្លងទៅ។
ប្រភពខាងលើបានបន្ថែមថា ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ដែលនៅតែបន្ត បានបណ្ដាលឲ្យពលរដ្ឋប៉ាឡេស្តីន ប្រមាណ៦១.១៥៤នាក់ របួស ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣កន្លងទៅ។

ជាមួយគ្នានោះដែរ គេបានកត់សម្គាល់ឃើញថា មានជនរងគ្រោះមួយចំនួនធំ នៅតែកប់ក្រោមគំនរកម្ទេចថ្ម ហើយរថយន្តគិលានសង្គ្រោះ និងក្រុមការពារជនស៊ីវិលមិនអាចចូលទៅដល់ពួកគេទាំងនោះបានទេ។

ក្រសួងនេះ ក៏បានព្រមានផងដែរពីស្ថានភាពសុខភាពធ្ងន់ធ្ងរដែលអ្នកជំងឺកំពុងប្រឈមចំពោះជំងឺរ៉ាំរៃ ដោយកត់សម្គាល់ឃើញថា មនុស្ស ៣៥០.០០០នាក់ ក្នុងចំណោមពួកគេ គ្មានថ្នាំពេទ្យទេ។
ក្រសួងដដែលក៏បានអំពាវនាវដល់ស្ថាប័នអន្តរជាតិនានាឲ្យផ្ដល់ថ្នាំពេទ្យ សម្រាប់ការព្យាបាលអ្នកជំងឺរ៉ាំរៃជាបន្ទាន់ផងដែរ៕