ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែមករាស្អែកនេះ នឹងរៀបចំកិច្ចសម្ភាសការងារ ដោយនាំយកឱកាសការងារចំនួន ២៥៩កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។

នៅក្នុងបណ្តាញសង្គម នៅរសៀលថ្ងៃទី១៧ ខែមករានេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឲ្យដឹងថា កិច្ចសម្ភាសន៍ការងារនេះ នឹងមានធនាគារ និងវិទ្យាស្ថានចំនួន៣ ចូលរួម ក្នុងនោះរួមមាន វិទ្យាស្ថាន អេស៊ីលីដា, មីក្រូហិរញ្ញវត្ថុមហានគរ និងធនាគារ អិលអូអិលស៊ី (LOLC)។
ប្រភពខាងលើនេះ បានបញ្ជាក់ជូនសិស្ស-និស្សិត ក៏ដូចជាសាធារណៈជនទូទៅ ដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារ សូមកុំភ្លេចចូលរួមដាក់ពាក្យសម្ភាសជាមួយក្រុមហ៊ុនដោយផ្ទាល់ ពិសេសរៀបចំខ្លួនឲ្យបានសមរម្យ មុននឹងចូលសម្ភាស ដោយភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេប (CV) របស់ខ្លួនផងដែរ។ វេទិកានេះ នឹងរៀបចំឡើងនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ចាប់ពីម៉ោង៨ព្រឹក ដល់៥ល្ងាច នៅបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕