ប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់នៅខាងក្នុងព្រំដែនរបស់ខ្លួន ដែលបានសម្លាប់កុមារពីរនាក់ ដោយហៅវាថាជា «ការរំលោភបំពានដែនអាកាសរបស់ខ្លួន» និងការព្រមានអំពីការសងសឹក។

អ៊ីរ៉ង់បាននិយាយថា ខ្លួនបានប្រើ «មីស៊ីលរយៈចម្ងាយខ្លី និងការវាយប្រហារដោយយានដ្រូន ដើម្បីបំផ្លាញទីតាំងរឹងមាំពីររបស់ក្រុមសកម្មប្រយុទ្ធនិកាយស៊ុននី ចៃអាល់អាដល (Jaish al-Adl) ដែលត្រូវបានគេស្គាល់ថាជា ចៃអាល់ឌុល (Jaish al-Dhulm) នៅតំបន់ Kouh-Sabz (ភ្នំបៃតង)នៃខេត្តបាឡូជីស្ថាន (Balochistan) ភាគនិរតីនៃប្រទេសប៉ាគីស្ថាន នេះបើតាមទីភ្នាក់ងារព័ត៌មានTasnim ដែលគាំទ្រដោយរដ្ឋរបស់អ៊ីរ៉ង់។

ការវាយប្រហារនោះ កើតឡើងបន្ទាប់ពីអ៊ីរ៉ង់ បានបាញ់មីស៊ីលនៅប្រទេសអ៊ីរ៉ាក់ភាគខាងជើង និងស៊ីរីកាលពីថ្ងៃចន្ទ នៅក្នុងការកើនឡើងចុងក្រោយនៃអរិភាពនៅមជ្ឈិមបូព៌ា ជាកន្លែងដែលសង្រ្គាមដែលកំពុងបន្តរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ប្រឈមមុខនឹងជម្លោះក្នុងតំបន់កាន់តែធំឡើង។
ក្រសួងការបរទេសប៉ាគីស្ថាន បាននិយាយថា ការវាយប្រហារលើទឹកដីរបស់ខ្លួនបានសម្លាប់ «កុមារស្លូតត្រង់ពីរនាក់ ខណៈដែលក្មេងស្រីបីនាក់ បានរងរបួស» ហើយបានព្រមានអ៊ីរ៉ង់អំពី «ផលវិបាកដ៏ធ្ងន់ធ្ងរ» ។
ក្រសួងនេះ បានពិពណ៌នាអំពីការវាយប្រហារតាមអាកាសថាជា «ការរំលោភបំពានដែនអាកាសរបស់ខ្លួនដោយអ៊ីរ៉ង់ ...នៅខាងក្នុងទឹកដីប៉ាគីស្ថាន»។
ក្រសួងការបរទេស បាននិយាយទៀតថា៖«វាកាន់តែព្រួយបារម្ភថា ទង្វើខុសច្បាប់នេះ បានកើតឡើង ទោះបីជាមានបណ្តាញទំនាក់ទំនងជាច្រើនរវាងប៉ាគីស្ថាន និងអ៊ីរ៉ង់ក៏ដោយ»។