បាល់ទាត់៖ ក្រមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវប្រកួត Playoff រកកៅអីវគ្គជម្រុះជុំទី៣ ការប្រកួតពានរង្វាន់តំបន់អាស៊ីឆ្នាំ២០២៣ (AFC Asian Cup) នៅប្រទេសចិន ជាមួយកោះមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចហ្គាំ (Guam) កំឡុងខែកញ្ញា និងខែតុលាខាងមុននេះ។

អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក ប្រាក់ សុវណ្ណារ៉ា បានប្រាប់ឱ្យដឹងថា បើនិយាយពីការអភិវឌ្ឍបាល់ទាត់ហ្គាំ (Guam) នៅឆ្ងាយពីកម្ពុជា ប៉ុន្តែអ្វីដែលចាប់អារម្មណ៍កីឡាករសុទ្ធតែចម្រុះជាតិសាសន៍ ហើយលេងសុទ្ធតែជាមួយក្រុមខ្លាំងៗ។ លោកបន្តថា បើមកលេងនៅទឹកដីកម្ពុជាពិបាកឈ្នះជម្រើសជាតិកម្ពុជាណាស់ ម្យ៉ាងអោយតែដំណើរការលីគបានគឺមានលទ្ធភាពឈ្នះ។ ចំនែកលោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងក៏បានបញ្ចេញទស្សនៈជុំវិញនេះដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមបាល់ទាត់ជម្រើសកោះហ្គាំ (Guam) មានការរីកចម្រើនច្រើន ហើយសង្ឃឹមថា ការប្រកួតជាមួយក្រុមខ្លាំងៗកន្លងទៅថ្មីៗនេះ នឹងជួយឱ្យជម្រើសជាតិកម្ពុជាទទួលបានលទ្ធផលល្អ។ ដោយឡែកលោក ហុក សុជីវន្ត អតីតកីឡាករជម្រើសជាតិកម្ពុជាលើកឡើងដែរថា ដោយបានមើលការប្រកួតរបស់ហ្គាំ (Guam) ជម្រុះបាល់ទាត់ពិភពលោក ឃើញថាមានកីឡាករថ្មីៗច្រើន ក្រុមទាំងពីរស្ទើរតែប្រហាក់ប្រហែលគ្នា តែជម្រើសជាតិកម្ពុជាមានប្រៀបបន្តិច យ៉ាងណាការប្រកួតនេះនឹងល្អមើល។
នេះជាលើកទី៣ ដែលកម្ពុជា និងហ្គាំជួបគ្នា ដោយ ២លើកកន្លងមកនៅឆ្នាំ២០០៦ កម្ពុជាឈ្នះហ្គាំ ៣ទល់នឹង០ ការប្រកួត AFC Challenge Cup តែឆ្នាំ២០១៣ ហ្គាំឈ្នះកម្ពុជា ២ទល់នឹង០វិញប្រកួតមិត្តភាពអន្តរជាតិ។ តាមការគ្រោងទុកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ហ្គាំប្រកួតជាមួយកម្ពុជា ខណៈជើងទី២ លេងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ កម្ពុជាប្រកួតជាមួយហ្គាំ។ ចំពោះទីកន្លែងប្រកួតដោយសារជំងឺរាតត្បាតសកលកូវីដ-១៩ មិនទាន់ត្រូវកំណត់ថា តើលេងនៅទឹកដីក្រុមទាំងពីរ រឺទឹកកណ្ដាលនៅឡើយ៕
អត្ថបទ៖ គង់ ហួន