រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពជាមួយរុស្ស៊ី កាលពីថ្ងៃអង្គារ (១៦ មករា) ហើយបន្ទាប់មកបានជួបពិភាក្សាដ៏កម្រនៅក្នុងវិមានក្រឹមឡាំងជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលត្រូវបានអញ្ជើញដោយលោក គីម ជុងអ៊ុន ឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសផ្តាច់ខ្លួនដែលមានអាវុធនុយក្លេអ៊ែរមួយនេះ។

វិមានក្រឹមឡាំងបាននិយាយនៅលើកម្មវិធីផ្ញើសារតេឡេក្រាម ថាលោកស្រី ឆូ ស៊ុនហួយ (Choe Son Hui) របស់កូរ៉េខាងជើង និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្កេ ឡាវរ៉ូវ (Sergei Lavrov) បានពន្យល់ប្រាប់លោក ពូទីន អំពីលទ្ធផលនៃកិច្ចចរចារបស់ពួកគេនៅមុនថ្ងៃនោះ ប៉ុន្តែមិនមានព័ត៌មានលម្អិតបន្ថែមភ្លាមៗទេ។

លោកពូទីន បានពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយកូរ៉េខាងជើង ចាប់តាំងពីការឈ្លានពានអ៊ុយក្រែន ក្នុងឆ្នាំ២០២២ មកហើយសហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តបានថ្កោលទោសនូវអ្វីដែលពួកគេនិយាយថា ជាការបញ្ជូនមីស៊ីលកូរ៉េខាងជើងដ៏សំខាន់ដល់រុស្ស៊ីដើម្បីជួយដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួន។

ទាំងរុស្ស៊ី និងកូរ៉េខាងជើង បានច្រានចោលការរិះគន់នេះម្តងហើយម្តងទៀត។ ទីក្រុងមូស្គូ បាននិយាយថា ខ្លួននឹងអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសណាក៏ដោយដែលខ្លួនចង់ធ្វើ ហើយថាកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងព្យុងយ៉ាង មិនបំពានលើកិច្ចព្រមព្រៀងអន្តរជាតិឡើយ៕