ភ្នំពេញ ៖ ប្រតិភូយុវជនផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញសួរសុខទុក្ខ និងនាំយកវត្តុអនុស្សាវរីយ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជា ជូនឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ ដល់គេហដ្ឋាន ស្ថិតនៅសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ឯកឧត្តម ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង និងក្រុមគ្រួសារ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្តពីសម្តេចតេជោ ហ៊ុន សែន ហើយតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ ទំាងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញ និងកំណត់នូវចក្ខុវិស័យ ផែនការ យុទ្ធសាស្រ្តច្បាស់លាស់ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង ក៏បានផ្តល់ទស្សនទានជូនយុវជនគណបក្សដូចខាងក្រោម ៖
១-ក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា វប្បធម៌កតញ្ញូបានជួយឱ្យសង្គមខ្មែររីកចំរើនរយៈពេល៤សតវត្សរ៍ព្រោះវប្បធម៌កតញ្ញូនេះ នាំឱ្យមានសុខដុមរមនារវាងអ្នកជំនាន់មុន និងអ្នកបន្តវេន។
២-ផែនការយុទ្ធសាស្រ្តមានសារៈសំខាន់ណាស់ សម្រាប់ការបំពេញការងារ និងជីវិតផ្ទាល់ខ្លួន
៣-ការគ្រប់គ្រងវេលា ដើម្បីប្រើពេលវេលាឱ្យមានប្រសិទ្ធភាពផង និងការបែងចែកពេលវេលាសម្រាប់ដាំបាយឆ្នាំងធំ (ជីវិតការងារ) និងដាំបាយឆ្នាំតូច(ជីវិតផ្ទាល់ខ្លួន ឬការសិក្សារៀនសូត្រ) ឱ្យបានសមស្របផង។
ឯកឧត្តមក៏បានរំលឹកពីប្រវត្តិ និងអនុស្សាវរីយ៍ជាច្រើនដែលឯកឧត្តមធ្លាប់បានឆ្លងកាត់ តាំងពីការសិក្សានិងការបំពេញការងារជូនជាតិមាតុភូមិ ដើម្បីជាបទពិសោធន៍ចែកជូនដល់យុវជនជំនាន់ក្រោយ។ ឯកឧត្តម ជាអ្នកសិក្សាស្រាវជ្រាវ និងបង្រៀនជំនាញប្រវត្តិវិទ្យា ជានិស្សិតថ្នាក់សញ្ញាបត្រជាន់ខ្ពស់ ជំនាញប្រវត្តិវិទ្យា បណ្ឌិតប្រវត្តិវិទ្យា សាកលវិទ្យាល័យប៉ារីស៧ប្រទេស បារាំង។ ប្រធានផ្នែកប្រវត្តិវិទ្យា និងសាស្ត្រាចារ្យ សាលាគរុវិជ្ជាជាន់ខ្ពស់ប្រធានផ្នែកប្រវត្តិវិទ្យា និងសាស្ត្រាចារ្យ សាលាគរុវិជ្ជាជាន់ខ្ពស់ភ្នំពេញ។ ប្រធានដេប៉ាតឺម៉ង់ ប្រវត្តិវិទ្យា និងសាស្ត្រាចារ្យ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ប្រធានរាជបណ្ឌិតសភាកម្ពុជា និងសាស្ត្រាចារ្យ ប្រវត្តិវិទ្យា។ បណ្តុះបណ្តាលនិស្សិតកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និស្សិតកម្រិតបណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា។ បច្ចុប្បន្ន បណ្តុះបណ្តាលនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ នឹងនិស្សិតបណ្ឌិត នៅវិទ្យាស្ថានអ៊ីនធឺរេដ (វិទ្យាស្ថានអប់រំអន្តរជាតិ)។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម ចាយ បូរិន និងក្រុមការងារក៏បានសម្តែងការកោតសសើរ នូវចំណេះដឹង ទេពកោសល្យ បទពិសោធន៍ការងារយ៉ាងច្រើនឥតគណនារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង និងដឹងគុណចំពោះការលះបង់គ្រប់បែបយ៉ាងក្នុងការចូលរួមបម្រើ និងកសាងជាតិ មាតុភូមិ ។ ជាមួយគ្នានោះឯកឧត្តម ក៏បានប្រគល់ជូនវត្ថុអនុស្សារីយ៍ និងថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង និងសូមជូនពរដល់ឯកឧត្តមបណ្ឌិតសភាចារ្យ ទទួលបានសុខភាពល្អ ជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ៕ អត្ថបទ៖ រដ្ឋា









