ភ្នំពេញ៖ ធនាគារពិភពលោកបានប្រកាសផ្ដល់កម្ចីទំហំ ២០០លានដុល្លារដល់កម្ពុជាសម្រាប់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចឡើងវិញ។
ធនាគារពិភពលោកបានប្រកាសឱ្យដឹងបែបនេះនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនចេញនៅថ្ងៃនេះ បន្ទាប់ពីការសម្រេចរបស់ក្រុមប្រឹក្សាប្រតិបត្តិរបស់ធនាគារមួយនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ ធនាគារពិភពលោកបញ្ជាក់ថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ធនាគារនេះ បានអនុម័តលើកម្ចីទំហំ ២០០លានដុល្លារសម្រាប់គាំទ្រដល់ប្រទេសកម្ពុជាដោះស្រាយវិបត្តិកូវីដ-១៩។
ធនាគារមួយនេះឱ្យដឹងទៀតថា កម្ចីមានកញ្ចប់ថវិកា ២០០លានដុល្លារនេះ នឹងជួយប្រទេសកម្ពុជាផ្ដល់ជំនួយសង្គ្រោះទាន់ពេលវេលា និងទៅដល់ប្រជាជនដែលរងផលប៉ះពាល់ ជួយសម្រួលការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញតាមរយៈកំណែទម្រង់រចនាសម្ព័ន្ធ និងកសាងភាពធន់សម្រាប់ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចនាពេលអនាគត។
បើតាមធនាគារពិភពលោក កម្ពុជាកំពុងតែប្រឈមមុខនឹងវិបត្តិសង្គម និងសេដ្ឋកិច្ចមិនធ្លាប់មានពីមុនមក ដោយកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ បានធ្លាក់ចុះដល់ទៅដក ៣.១ភាគរយកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះជាលើកដំបូង និងមិនធ្លាប់មានពីមុននោះឡើយ។
ធនាគារមួយនេះ បញ្ជាក់ទៀតថា វិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេពីវិបត្តិនេះ មានវិស័យទេសចរណ៍ វិស័យកាត់ដេរ និងវិស័យសំណង់ ដែលវិស័យទាំងបីនេះផ្ដល់ការងារយ៉ាងច្រើនដល់ប្រជាជនកម្ពុជា៕