កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ចន្ទមុនី អ្នកតំណាងរាស្ត្រ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរធនធានទឹក និងប្រធានមន្ទីរកសិកម្ម រួមនិងក្រុមការងារ បានចុះជួយប្រជាកសិករនៅក្នុងស្រុករលាប្អៀរ និងស្រុកបរិបូណ៌។ ប្រជាកសិករក្នុងស្រុករលាប្អៀរ និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានសំដែងការសប្បាយចិត្ត ខណៈមន្ទីរធនធានទឹកខេត្តបានជួយស្តារប្រឡាយ និងជួយបូមទឹកដាក់តាមប្រឡាយស្រែប្រាំងពួកគាត់ និងមានក្រុមការងារថ្នាក់ជាតិ និងក្រោមជាតិ បានសស្រាក់សស្រាំចុះជួយបែបនេះ។
ក្នុងពេលចុះជួប ឯកឧត្តមបណ្ឌិត បានសំណេះសំណាល ដោយអោយបងប្អូនប្រជាកសិករខិតខំអោយអស់ពីកម្លាំងកាយចិត្ត ដើម្បីយកឈ្នះអោយបានរហូតដល់ច្រូតកាត់។ ត្រូវសន្សំយកទឹកតាមលទ្ធភាព ដើម្បីយកមកស្រោចស្រពលើដំណាំស្រូវប្រាំងរបស់យើង ហើយមិនត្រូវពង្រីកដីស្រែវស្សាអោយទៅជាស្រែប្រាំងទៀតឡើយ។ ចំណែករាជរដ្ឋាភិបាលកម្ពុជា មានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តាមរយៈក្រសួង មន្ទីរធនធានទឹក និងក្រសួង មន្ទីរកសិកម្ម បានប្រឹងប្រែងជួយស្តារប្រឡាយជូនបងប្អូននៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ បានប្រវែង៤៥៥០ម៉ែត្រ និងបានដាក់ម៉ាស៊ីនជួយបូមទឹករួចហើយ។ ក្នុងថ្ងៃនេះ នៅស្រុកបរិបូណ៌ បានអោយគ្រឿងចក្រ២គ្រឿងទៀតមកជួយស្តារប្រឡាយ និងដាក់ម៉ាស៊ីនជួយបូមទឹកបន្ថែមទៀត។ ឯកឧត្តមបណ្ឌិតបានអរគុណដល់ប្រជាកសិករផងដែរ ដែលបានខិតខំបង្ករបង្កើនផល តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ ដោយកត្តាគ្រោះធម្មជាតិមួយចំណែក និងមួយចំណែកទៀតដោយសារប្រជាកសិករនៅប៉ែកខាងលើស្ទឹងជ្រៃបាក់ ស្រុករលាប្អៀរ និងខាងលើប្រព័ន្ធធារាសាស្ត្រអាចាំង ក្នុងស្រុកបរិបូណ៌ បានធ្វើស្រែប្រាំងដែរនោះ នាំអោយទឹកសំរាប់ស្រោចស្រពស្រូវប្រាំងប៉ែកខាងក្រោម បានខ្វះខាត។ ដូចនេះអាជ្ញាធរខេត្តកំពង់ឆ្នាំង បានជួយប្រជាកសិករក្នុងស្រុករលាប្អៀរ នូវគ្រឿងចក្រ១គ្រឿងសំរាប់ស្តារប្រឡាយ និង១គ្រឿងទៀតជួយទៅស្រុកបរិបូណ៌ បូករួមជាមួយគ្រឿងចក្ររបស់មន្ទីរធនធានទឹកបានក្នុង១ស្រុកបានចំនួន២គ្រឿងដែរ ហើយពេលស្តាររួចត្រូវដាក់ម៉ាស៊ីនជួយបន្ថែមទៀត។ ឯកឧត្តមបានអោយមន្ទីរធនធានទឹក និងមន្ទីរកសិកម្មខេត្ត ធ្វើយ៉ាងណាជួយបូមទឹកស្រោចស្រពអោយអស់លទ្ធភាព ព្រោះប្រជាកសិករពឹងផ្អែកខ្លាំងលើដំណាំស្រូវនេះហើយ ដើម្បីផ្គត់ផ្គង់ជីវភាព ៕ ដោយ ៖ កាំង ហុងវាស្នា












