ប្រជាជនប៉ាឡេស្ទីន នៅភាគខាងត្បូងតំបន់ហ្កាហ្សា បានតម្រង់ជួរនៅផ្ទះបាយសប្បុរសធម៌មួយកន្លែងកាលពីថ្ងៃអង្គារ ដោយសង្ឃឹមថានឹងទទួលបានអាហារក្តៅៗដើម្បីផ្តល់ឲ្យកូនៗរបស់ពួកគេ ខណៈអ៊ីស្រាអែល បន្តការវាយប្រហាររបស់ខ្លួននៅក្នុងទឹកដីនេះភាគច្រើន។

ក្រុមអ្នកស្ម័គ្រចិត្តនៅទីក្រុង Rafah កំពុងមមាញឹកចែកអាហារដែលមានបន្លែក្រៀម និងប៉ាស្តា។ រយៈពេលជាង ១០០ថ្ងៃ នៃការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន គ្រួសារមួយចំនួន បាននិយាយថា អ្វីដែលត្រូវបានចែកចាយគឺមិនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសាររបស់ពួកគេទាំងមូលនោះទេ។

លោក Mohammed Al-Shondogli ពលរដ្ឋប៉ាឡេស្ទីន ដែលភៀសខ្លួនពីទីក្រុង Jabalia បាននិយាយ ថា នេះមិនគ្រប់គ្រាន់ទេ។ វាស្ទើរតែមិនគ្រប់គ្រាន់សម្រាប់មនុស្សពីរនាក់ផង។ នេះ ត្រូវការសម្រាប់មនុស្សប្រាំពីរនាក់។
អ្នកស្ម័គ្រចិត្តនៅផ្ទះបាយសប្បុរសធម៌បាននិយាយថា ក្មេងៗចង់ភ្លក់រសជាតិនៃអ្វីដែលពួកគេធ្លាប់ទទួលទាន។ កុមារជាច្រើននាក់បានយំ ពួកគេយំទាំងយប់ទាំងថ្ងៃ។ ពួកគេចង់បានទាំងបង្អែម និងផ្លែឈើ ឬសូកូឡាមួយដុំ ឬក៏បន្លែ។
របាយការណ៍ដែលគាំទ្រដោយអង្គការសហប្រជាជាតិកាលពីខែធ្នូ បាននិយាយថា ប្រជាជន ២,៣លាននាក់នៅតំបន់ហ្កាហ្សាទាំងអស់ ប្រឈមទៅនឹងកម្រិតវិបត្តិនៃភាពអត់ឃ្លាន ជាមួយនឹងហានិភ័យនៃគ្រោះទុរ្ភិក្សកើនឡើងជារៀងរាល់ថ្ងៃ ហើយសមាមាត្រនៃចំនួនប្រជាជន ប្រឈមនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅទូទាំងពិភពលោក ដែលបានកត់ត្រាទុក។
នៅខាងក្នុងតំបន់ហ្កាហ្សា ភាពអត់ឃ្លាន មិនបានរាលដាលស្មើៗគ្នានោះទេ។ ជំនួយស្ទើរតែទាំងអស់ ដែលមកដល់ក្នុងតំបន់ហ៊ុមព័ទ្ធ គឺឆ្លងកាត់ទីក្រុង Rafah នៅព្រំដែនជាមួយប្រទេសអេហ្ស៊ីប ហើយភ្នាក់ងារមនុស្សធម៌ បានលើកឡើងពីបញ្ហាក្នុងការបែងចែកការផ្គត់ផ្គង់។