ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមានប្រសាសន៍ប្រាប់ មិត្តចិនថា បញ្ហាEBA វានឹងបាត់បង់នៅថ្ងៃណាមួយ ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ចិន គឺនៅជារៀងរហូត គឺមិនមានការបាត់បង់នោះទេ។
ការអះអាងរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យ៉ាងដូច្នេះ ខណៈអនុញ្ញាតឱ្យឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១២តុលានេះ។
ក្រោយជំនួបបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ឯកឧត្តម វ៉ាង យី បានកោតសរសើរជំពោះទឹកចិត្តដ៏ធំទូលាយរបស់សម្តេចតេជោ ចំបោះការអនុញ្ញាតឱ្យនាវាដែលគេខ្លាចរឿងបញ្ហាកូវីដ–១៩ បានចូលចតនៅខេត្តព្រះសីហនុ ហើយក៏បានជំរាបជូនសម្តេចអំពីលទ្ធផល នៃជំនួបរវាងឯកឧត្តម ជាមួយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដែលបានពិភាក្សាយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដែលកិច្ចពិភាក្សា បានឈានទៅដល់ការយល់ព្រមរវាងភាគីទាំងពីរថា នឹងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត ហើយចិននៅតែបន្តគាំទ្រកម្ពុជា យ៉ាងរឹងមាំជាជាទីបំផុត ធ្វើយ៉ាងណាឱ្យកម្ពុជា រក្សាឱ្យបាននូវអធិបតេយ្យ និងសេចក្តីថ្លែថ្នូររបស់កម្ពុជា។ សម្តេចក៏បាន អំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលបានផ្តល់ជំនួយដល់កម្ពុជា ហើយសម្តេចបានបញ្ជា្កក់ថា អះអាងថា EBA គឺគង់តែបាត់បង់នៅថ្ងៃណាមួយ ប៉ុន្តែ កិច្ចព្រមព្រៀងទីផ្សារសេរីកម្ពុជា ចិន គឺនៅជារៀងរហូត។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានសាទរចំពោះកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា រវាងឯកឧត្តម ជាមួយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងបានជំរាបជូនឯកឧត្តម វ៉ាង យី ដោយសង្ខេប អំពីដំណើរការ នៃ ការទប់ស្កាត់កូវីដ–១៩ ក៏ដូចជាដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសការទប់ស្កាត់កូវីដ១៩ បានជោគជ័យ គឺប្រជាជនកម្ពុជាបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលដែលមានគោលការណ៍ច្បាស់លាស់។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននិងឯកសារសំខាន់០២ ទៀត រួមមាន លិខិតប្ដូរសារស្តីពីការសិក្សាសមិទ្ធិលទ្ធភាព គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងលិខិតប្ដូរសារស្តីពីការសិក្សាសមិទ្ធិលទ្ធភាព គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅ ខេត្តព្រះសីហនុ។កិច្ចព្រមព្រៀងលិខិតប្តូរសារដែលចុះហត្ថលេខាក្រោមអធិបតីភាពសម្តេចតេជោ នៅថ្ងៃនេះរួមមាន ៖
កិច្ចព្រមព្រៀងពាណិជ្ជកម្មសរីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង បច្ចេកទេសសំរាប់ការផ្តល់ហិរញ្ញប្បទានឥតសំណង។ លិខិតប្ដូរសារស្តីពីការសិក្សាសមិទ្ធិលទ្ធភាព គម្រោងធ្វើឲ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ លិខិតប្ដូរសារស្តីពីការសិក្សា សមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ-និងពិធីប្រគល់ និងទទួលជំនួយបរិក្ខារវេជ្ជសាស្ត្រ ។
ដើម្បីចូលរួមលើកស្ទួយវិស័យ សុខាភិបាល និងដោយឈរលើមូលដ្ឋានជំនួយកន្លងមក សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់នូវជំនួយឧបករណ៍វេជ្ជសាស្ត្រចំនួន ១០,០០០ (មួយម៉ឺន) ឈុត ដល់ព្រះរាជាណាច្រកកម្ពុជា។
ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានប្រគល់ជំនួយឧបករណ៍វេជ្ជសាស្ត្រជូន ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ដំណើរទស្សនកិច្ចផ្លូវការ របស់ ឯកឧត្តម វ៉ាង យី មកកាន់កម្ពុជាលើកនេះ នឹងបន្តពង្រឹងបន្ថែម នូវចំណង មិត្តភាពជាប្រពៃណីដ៏យូរ លង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការ ប្រកបដោយ ផ្លែផ្ការវាងកម្ពុជា និងចិន ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលនៃជំងឺកូវីដ–១៩ ដែលពុំធ្លាប់មានពីមុន៕
អត្ថបទ៖ មុត សុទ្ធ







