UN៖ ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជនប្រមាណ ២៣ម៉ឺននាក់ត្រូវបានរត់ភៀសខ្លួន ដោយសារវាយការប្រយុទ្ធគ្នា និងអំពើហិង្សានៅក្នុងសហភាពមីយ៉ាន់ម៉ានៅឆ្នាំនេះ ហើយកំពុងត្រូវការជំនួយបន្ទាន់។

សហភាពមីយ៉ាន់ម៉ាមានវិបត្តិចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត បង្កឱ្យមានកំហឹងទូទាំងប្រទេសដែលនាំឱ្យមានការតវ៉ា ការសម្លាប់ និងការបំផ្ទុះគ្រាប់បែក ក៏ដូចជាការប្រយុទ្ធគ្នានៅតាមគោលដៅជាច្រើនរវាងកងទ័ព និងទាហានស៊ីវិលដែលទើបបង្កើតថ្មីប្រឆាំងនឹងរបបយោធា។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ប្រតិបត្តិការផ្តល់ជំនួយកំពុងបន្ត ប៉ុន្តែត្រូវបានរារាំងដោយការប៉ះទង្គិចប្រដាប់អាវុធ អំពើហិង្សា និងអសន្តិសុខនៅក្នុងប្រទេស។
របាយការណ៍នោះបាននិយាយថា ប្រជាជន ១៧៧.០០០នាក់ត្រូវបានរត់ភៀសខ្លួន នៅក្នុងរដ្ឋការ៉ែនជាប់ព្រំដែនប្រទេសថៃ និងមនុស្ស ១០៣.០០០នាក់កាលពីខែមុន ខណៈដែលមនុស្សជាង ២ម៉ឺននាក់កំពុងជ្រកកោននៅតំបន់ភៀសខ្លួននានាចំនួន ១០០ បន្ទាប់ពីការប្រយុទ្ធគ្នារវាងកងកម្លាំងការពារប្រជាជន និងកងទ័ពនៅរដ្ឋជីនជាប់ព្រំដែនឥណ្ឌា។ យ៉ាងហោចណាស់មានមនុស្ស ៨៧៧នាក់ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខ និងជាង ៦.០០០នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីរដ្ឋប្រហារ នេះបើយោងតាមសមាគមជួយអ្នកទោសនយោបាយ ជាក្រុមតស៊ូមតិមួយដែលរបបយោធាប្រកាសថា ជាអង្គការខុសច្បាប់៕
អត្ថបទ៖ សុខមាន