នាយករដ្ឋមន្ត្រីរបស់ប្រទេសកាតា បានបញ្ជាក់ថា មធ្យោបាយតែមួយគត់ដើម្បីដោះស្រាយជម្លោះនៅតំបន់ហ្កាហ្សា គឺសម្រាប់ក្រុមហាម៉ាស ត្រូវដោះលែងចំណាប់ថ្នូរ ជាថ្នូរទៅនឹងការបញ្ឈប់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល។ ប្រទេសកាតា កំពុងសម្របសម្រួលកិច្ចចរចារវាងប្រទេសអ៊ីស្រាអែល និងក្រុមអ៊ីស្លាមនិយមហាម៉ាស។ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាតា លោក Sheikh Mohammed bin Abdulrahman Al Thani បាននិយាយនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំនៅក្នុងទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃអង្គារថា មធ្យោបាយសកម្មតែមួយគត់គឺ «អំពីបទឈប់បាញ់ និងការដោះដូរចំណាប់ថ្នូរ»។ ប៉ុន្តែលោកបាននិយាយបន្ថែមថា វានឹងឆ្លងកាត់ការលំបាកជាច្រើន។ កងកម្លាំងការពារជាតិអ៊ីស្រាអែល បានបញ្ជាក់កាលពីថ្ងៃអង្គារថា ក្រុមហាម៉ាស កំពុងអនុវត្តការវាយប្រហារចេញពីមន្ទីពេទ្យ ក្នុងទីក្រុង Khan Younis តំបន់ហ្កាហ្សាភាគខាងត្បូង។ យោធានិយាយថា ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធហាម៉ាស ជាច្រើននាក់ ក្នុងការវាយប្រហារតាមអាកាស និងប្រតិបត្តិការជើងគោក។ ក្រុមហាម៉ាស កំពុងវាយបក នៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង ជាកន្លែងដែល យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានចូលគ្រប់គ្រង។ គ្រាប់រ៉ុក្កែតជាង៥០គ្រាប់ ត្រូវបានបាញ់ចូលទៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអង្គារ ដោយបានបំផ្លាញអគារ នៅផ្នែកភាគខាងត្បូងប្រទេស។ ការប្រយុទ្ធគ្នា កាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងក្រុមផ្សេងៗទៀត ដែលបានបង្ហាញសាមគ្គីភាពជាមួយក្រុមហាម៉ាស។ កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារតាមអាកាស និងការវាយប្រហារដោយកាំភ្លើងធំទៅលើទីតាំងរាប់សិបកន្លែងរបស់ក្រុម ហេសបូឡា ជាក្រុមសកម្មប្រយុទ្ធ Shia មានមូលដ្ឋាននៅប្រទេសលីបង់។ ទីតាំងទាំងនោះមានចម្ងាយជាង ២០ គីឡូម៉ែត្រភាគខាងជើងព្រំដែនអ៊ីស្រាអែល។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ការវាយប្រហារ បានចូលកាន់ជ្រៅទៅក្នុងទឹកដីប្រទេសលីបង់ ជាងប្រតិបត្តិការមុនៗ។