
រុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារ (១៦ មករា) ថាវាកាន់តែច្បាស់សម្រាប់ពិភពលោកហើយ ដែលថាផែនការរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) ដើម្បីដោះស្រាយសង្រ្គាមជិតពីរឆ្នាំមិនមានសង្ឃឹមក្នុងការសម្រេចបានជោគជ័យឡើយ ហើយបានច្រានចោលកិច្ចប្រជុំដែលផ្តោតលើការដោះស្រាយសង្រ្គាមនោះថាជារឿង «គ្មានន័យ និងគ្រោះថ្នាក់»។
កិច្ចប្រជុំលើកទីបួន ក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ដែលប្រមូលផ្តុំក្រុមមន្ត្រីមកពីប្រទេសរាប់សិប ប៉ុន្តែមិនមានវត្តមានរុស្ស៊ីនេះ បានធ្វើឡើងក្នុងសប្តាហ៍នេះក្នុងទីក្រុងដេវ៉ូស។ ការអត្ថាធិប្បាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា កិច្ចប្រជុំនេះបានលាតត្រដាងពីភាពខុសគ្នារវាងអ្នកចូលរួម ហើយមិនមានការកើនឡើងនូវការគាំទ្រចំពោះសំណើនោះទេ។
ប្រទេសរុស្ស៊ី មិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំដែលផ្តោតលើផែនការសន្តិភាពរបស់លោក ហ៊្សេឡិនស្គី ដែលអំពាវនាវឱ្យមានការដកកងទ័ពរុស្ស៊ីទាំងអស់ចេញពីអ៊ុយក្រែន ការទទួលស្គាល់ព្រំដែនក្រោយសូវៀតឆ្នាំ១៩៩១ របស់ខ្លួន និងយន្តការដើម្បីនាំយកទីក្រុងមូស្គូ ឲ្យទទួលខុសត្រូវនោះទេ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារ ថាភាពជារដ្ឋរបស់អ៊ុយក្រែនអាចទទួលរង «ការវាយលុកដែលមិនអាចជួសជុលបាន» ប្រសិនបើគំរូនៃសង្រ្គាមនៅតែបន្ត ហើយថារុស្ស៊ីនឹងមិនអាចត្រូវបានបង្ខំឱ្យបោះបង់ចោលផលប្រយោជន៍ដែលទទួលបាននៅក្នុងយុទ្ធនាការយោធារបស់ខ្លួននោះទេ៕