
ក្រុមអ្នកការទូតអឺរ៉ុបបាននិយាយកាលពីថ្ងៃអង្គារ (១៦ មករា) ថាប្រទេសជាសមាជិកសហភាពអឺរ៉ុប បានផ្តល់ការគាំទ្រដំបូងដល់បេសកកម្មកងទ័ពជើងទឹក ដើម្បីការពារនាវាពីការវាយប្រហារដោយកងជីវពលហ៊ួទី (Houthi) ដែលគាំទ្រដោយប្រទេសយេម៉ែន នៅសមុទ្រក្រហម បន្ទាប់ពីការចាប់ផ្តើមបេសកកម្មមួយដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់នេះ។
ក្រុមហ៊ុនដឹកជញ្ជូនពាណិជ្ជកម្មជាច្រើនបានបង្វែរនាវាទៅកាន់ផ្លូវផ្សេងទៀតបន្ទាប់ពីការវាយប្រហារនៅសមុទ្រក្រហមដោយក្រុមសកម្មប្រយុទ្ធហ៊ួទី ដែលគ្រប់គ្រងភាគច្រើននៃប្រទេសយេម៉ែន ហើយនិយាយថាពួកគេកំពុងធ្វើសកម្មភាពក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅពេលដែលអ៊ីស្រាអែល និងក្រុមហាម៉ាសធ្វើសង្គ្រាមនៅតំបន់ហ្កាហ្សា។
ក្រុមអ្នកការទូតដដែលនេះបាននិយាយថា គណៈកម្មាការនយោបាយ និងសន្តិសុខរបស់ប្លុក ដែលទទួលខុសត្រូវក្នុងការរៀបចំគោលនយោបាយការបរទេស និងការពារជាតិ បានផ្តល់ការគាំទ្រដំបូងរបស់ខ្លួនសម្រាប់បេសកកម្ម ដែលនឹងធ្វើការជាមួយដៃគូដែលមានគំនិតដូចគ្នា។
គោលបំណងរបស់ប្លុកគឺដើម្បីបង្កើតបេសកកម្មនេះត្រឹមថ្ងៃទី១៩ ខែកុម្ភៈ យ៉ាងយូរបំផុត ហើយធ្វើឱ្យវាដំណើរការភ្លាមៗបន្ទាប់ពីនោះ។ អ្នកការទូតជាច្រើននាក់ផ្សេងទៀតបាននិយាយថា ពួកគេសង្ឃឹមថា ដំណើរការនេះអាចប្រព្រឹត្តទៅបានលឿន ដោយសារភាពតានតឹងនៅក្នុងតំបន់កើនឡើងកាន់តែខ្លាំង៕