
យោធាកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃពុធ (១៧ មករា) នេះថាសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះអាមេរិក នៅក្នុងការបង្ហាញកម្លាំងចុងក្រោយរបស់ពួកគេប្រឆាំងនឹងកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ ខណៈអ្នកការទូតជាន់ខ្ពស់របស់ប្រទេសទាំងបីនឹងជួបប្រជុំគ្នានៅទីក្រុងសេអ៊ូលដើម្បីពិភាក្សាលើការប្រឈមមុខដាក់គ្នាកាន់តែស៊ីជម្រៅជាមួយទីក្រុងព្យុងយ៉ាង។
ការហ្វឹកហ្វឺនក្នុងដែនទឹកនៅកោះ ចេជូ (Jeju) របស់កូរ៉េខាងត្បូងនេះបានកើតឡើងនៅពេលដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បន្តការបង្កហេតុក្នុងការសាកល្បងអាវុធ និងការគំរាមកំហែងដែលបានបង្កើនភាពតានតឹងក្នុងតំបន់ដល់ចំណុចខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។
ស្ថាប័នអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធកងទ័ពជើងទឹកត្រីភាគី ដែលបានបញ្ចប់កម្មវិធីរយៈពេលបីថ្ងៃរបស់ខ្លួននៅថ្ងៃពុធនេះ មានការចូលរួមពីនាវាចម្បាំងចំនួន ៩គ្រឿងមកពីប្រទេសទាំងបី រួមទាំងនាវាផ្ទុកយន្តហោះអាមេរិក ខាល វីនសុន (Carl Vinson) និងនាវាពិឃាត អេហ្គីស (Aegis) មកពីកូរ៉េខាងត្បូង និងជប៉ុន។
ស្ថាប័នអគ្គសេនាធិការចម្រុះនេះបាននិយាយថា សមយុទ្ធនេះមានគោលបំណងពង្រឹងសមត្ថភាពទប់ស្កាត់ និងការឆ្លើយតបរួមរបស់ប្រទេសទាំងបីប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ មីស៊ីល និងការគំរាមកំហែងក្រោមទឹករបស់កូរ៉េខាងជើង ព្រមទាំងការបណ្តុះបណ្តាលសម្រាប់ការពារការដឹកជញ្ជូនអាវុធមហាប្រល័យខុសច្បាប់តាមសមុទ្រផងដែរ៕