យោធារបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានប្រកាសនៅក្នុងទីក្រុង Goma ពីការចាប់ផ្តើមប្រតិបត្តិការយោធារួមគ្នាជាមួយសមាសភាពយោធារបស់សហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC) ដែលជាប្លុកក្នុងតំបន់ នៅផ្នែកភាគខាងកើតរបស់ប្រទេស។ ការប្រកាសនេះ ត្រូវបានធ្វើឡើងដោយឧត្តមសេនីយ៍ Fall Sikabwe អ្នកសម្របសម្រួលប្រតិបត្តិការយោធា នៃយោធារបស់សាធារណៈរដ្ឋកុងហ្គោ(DRC) ក្នុងអំឡុងពេលកិច្ចប្រជុំរួមគ្នាលើកដំបូងរវាងយោធាសាធារណៈរដ្ឋកុងហ្គោ និងសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC)។ យោងតាមអាជ្ញាធរសាធារណៈរដ្ឋកុងហ្គោបានឲ្យដឹងថា កងកម្លាំងយោធា SADC នឹងធ្វើប្រតិបត្តិការវាយលុក ដោយផ្តោតសំខាន់ទៅលើក្រុមឧទ្ទាមនៃចលនាM23 ដែលកាន់កាប់នៅតំបន់ជាច្រើន ក្នុងដែនដី Masisi និងដែនដី Rutshuru មានទីតាំងនៅខេត្ត North Kivu ។ ដោយមានសមាសភាពជាចម្បងនៃសមាសភាពយោធាមកពីប្រទេសអាហ្វ្រិកខាងត្បូង តង់ហ្សានី និងម៉ាឡាវី កងកម្លាំងយោធាសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង(SADC) ជំនួសកងកម្លាំងប្រចាំតំបន់នៃសហគមន៍អាហ្វ្រិកខាងកើត (EAC)។ សម្រាប់ពេលនេះ មានតែប្រទេសអាហ្វ្រិកខាងត្បូង និងម៉ាឡាវី ប៉ុណ្ណោះដែលបានដាក់ពង្រាយផ្នែកនៃទាហានរបស់ខ្លួនក្នុងទីក្រុង Goma។ ប្រទេសតង់ហ្សានី សង្ឃឹមថានឹងផ្ទេរសមាសភាពរបស់ខ្លួនដែលមានរួចហើយនៅលើដីកុងហ្គោ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងសាធារណៈរដ្ឋកុងហ្គោ ដែលអាណត្តិរបស់ពួកគេនឹងផុតកំណត់នៅចុងឆ្នាំ ២០២៤។ ចាប់តាំងពីល្ងាចថ្ងៃចន្ទមក ការប្រយុទ្ធគ្នាដោយហិង្សាបានផ្ទុះឡើងរវាងក្រុមឧទ្ទាម M23 និងយោធាកុងហ្គោនៅលើទឹកដី Masisi។ ការបំផ្ទុះអាវុធធុនធ្ងន់ និងធុនស្រាល ត្រូវបានគេលាន់ឮនៅក្នុងតំបន់ទាំងនេះ ដោយបង្ខំឱ្យពលរដ្ឋមួយចំនួនធំភ្លៀសខ្លួនចេញទៅកាន់ទីក្រុង Sake ជាទីតាំងការពារចុងក្រោយរបស់ទីក្រុង។
ទីក្រុង Goma ជាទីក្រុងទេសចរណ៍ល្បីល្បាញដោយសារសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ ដែលត្រូវបានកាន់កាប់ដោយ ក្រុមឧទ្ទាម M23 រយៈពេល ១០ ថ្ងៃ កាលពីខែធ្នូ ឆ្នាំ ២០១២។