បាល់ទាត់៖ រូបមន្តគ្រាប់បញ្ចូលទីក្រៅដី រឺហៅថា Away-Goal នឹងលែងមានក្នុងព្រឹត្តិការណ៍បាល់ទាត់នានារបស់ UEFA ទៀតហើយចាប់ពីរដូវកាលក្រោយទៅ នេះបើតាមសេចក្តីសំរេចរបស់ UEFA។ រូបមន្តដែលផ្តល់អាទិភាពដល់ក្រុមដែលរកបានគ្រាប់ក្រៅដីនេះ ត្រូវបានយកមកអនុវត្តតាំងពីឆ្នាំ១៩៦៥ ម្ល៉េះ។
តាមរយៈការសំរេចនេះដែរ ២ប្រកួតដែលស្មើគ្នាក្រោយលេង ២ជើង និងបន្តរកក្រុមចាញ់ឈ្នះដោយបន្ថែមម៉ោង ១៥នាទី ២ដង និងបាល់ ១១ម៉ែត្រកាត់សេចក្តី។ រំលឹកថា រូបមន្តគ្រាប់បញ្ចូលទីក្រៅដីនេះ ធ្លាប់កាត់សេចក្តីការប្រកួតជាច្រើនមកហើយទាំងនៅ UEFA Champions League និង UEFA Europa League ខណៈរូបមន្តនេះដែរធ្លាប់ទទួលការរិះគន់ជាច្រើន ពីសំណាក់អ្នកគាំទ្រ កីឡាករ ជាពិសេសគ្រូបង្វឹក។ លោក Arsene Wenger គឺជាមនុស្សដែលធ្លាប់បានបង្ហើបថា ចង់ឱ្យ UEFA ដករូបមន្តនេះចេញតាំងពីពេលលោកនៅដឹកនាំ Arsenal ម្ល៉េះ និងក្រោយមកទៀតក៏មានការមិនពេញចិត្តពីគ្រូបង្វឹកផ្សេងៗជាបន្តទៀត៕
អត្ថបទ៖នាង សុភាវុធ