ភ្នំពេញ ៖ ក្នុងអំឡុងវេទិកាធុរកិច្ចបារាំង-កម្ពុជា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដែលរៀបចំដោយ MEDEF និងដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ក្រុមហ៊ុន OCIC Group បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយ Aloest Productions ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្តរបស់បារាំង ដើម្បីបង្កើតភាពជាដៃគូសម្រាប់ការផ្សព្វផ្សាយខ្សែភាពយន្ត "The Perfect Motion" នៅប្រទេសបារាំង និងនៅអឺរ៉ុប។
ភាពយន្តឯកសារ "The Perfect Motion" (ឬ "ទេពហត្ថា" ជាភាសាខ្មែរ) បង្ហាញពីប្រវត្តិរបាំព្រះរាជទ្រព្យ និងរបាំអប្សរា ដែលជារបាំប្រពៃណីខ្មែរ។ ភាពយន្តនេះក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់សម្តេចរាជបុ ត្រីព្រះរៀម នរោត្តម បុប្ផាទេវី អតីតរដ្ឋមន្រ្តី និងជាទីប្រឹក្សានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាសាស្រ្តាចារ្យរបាំព្រះរាជទ្រព្យ ក្នុងគោលដៅថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ របាំខ្មែរដ៏ប្រណិតនេះមានឫសគល់នៅក្នុងប្រទេសដែលមានប្រវត្តិសាស្ត្រដ៏ចំណាស់ ព្រមទាំងឆ្លុះបញ្ចាំងពីទេវកថា សាសនា និងប្រវត្តិសាស្ត្រ ដែលបានទាក់ទាញទស្សនិកជនបារាំងជាច្រើន។ កាលពីឆ្នាំ 1906 ជាងចម្លាក់ដ៏ល្បីល្បាញម្នាក់ឈ្មោះលោក Auguste Rodin បានឃើញរបាំនេះជាលើកដំបូង នៅក្នុងការសម្តែងនៅទីក្រុងប៉ារីស និងបានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយរបាំនេះ។
តាមគម្រោង គឺនៅមុនពេលចេញផ្សាយនៅប្រទេសបារាំងនៅថ្ងៃទី13 ខែមីនា ឆ្នាំ2024 ខាងមុខនេះ ខ្សែភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងជាមុននៅអំឡុងពេលដំណើរទេសចរណ៍នៅប្រទេសបារាំង ព្រុចសែល និងហ្សឺណែវ។
ក្រុមហ៊ុន OCIC Group កំពុងគាំទ្រខ្សែភាពយន្តនេះ ក្នុងគោលបំណងផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ខ្មែ រលើឆាកអន្តរជាតិ តាមរយៈធនធានហិរញ្ញវត្ថុ និងភស្តុភារ និងបណ្តាញរបស់ខ្លួននៅប្រទេសបារាំង និងអឺរ៉ុប៕ ដោយ ៖ គង់ ឌីន


