ភ្នំពេញ ៖ ក្រុមហ៊ុន OCIC Group នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានជ្រើសរើសក្រុមហ៊ុនដែលដឹកនាំដោ យ Lagardère Travel Retail និង HSC Group សម្រាប់ការគ្រប់គ្រងសេវាកម្មមិនគិតពន្ធនៅអាកាសយានដ្ឋានអន្តរជាតិតេជោក្នុងរាជធានីភ្នំពេញ។
ការសម្រេចនេះធ្វើឡើងតាមរយៈការចុះហត្ថលេខាលើវេទិកាសេដ្ឋកិច្ចដែលត្រូវបានរៀបចំដោយ MEDEF ក្នុងទីក្រុងប៉ារីស នាអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅប្រទេសបារាំង។ ព្រលានយន្តហោះអន្តរជាតិតេជោ ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៥ ត្រូវបានគេរំពឹងថា នឹងបង្កើនការតភ្ជាប់ទៅកាន់ពិភពលោកកាន់តែច្រើន។
អាកាសយានដ្ឋានអន្តរជាតិតេជោ អភិវឌ្ឍដោយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា(CAIC) គឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន OCIC Group និង SSCA និងរចនាដោយស្ទូឌីយោឌីហ្សាញដ៏ល្បីរបស់ពិភពលោកគឺ Foster + Partners ដែលគ្របដណ្តប់លើផ្ទៃដី ២,៦០០ ហិចតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រពីកណ្តាលទីក្រុងភ្នំពេញ។ វាគឺជាព្រលានយន្តហោះធំបំផុតទី៩ ដែលនឹងដំណើរការពេ ញលេញ ហើយមានសមត្ថភាពទទួលយន្តហោះពាណិជ្ជកម្មធំបំផុតកម្រិត 4F ។
Séverine Lanthier នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី និងជាប្រធានផ្នែកយុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍សកល មានប្រសាសន៍ថា “Lagardère Travel Retail ប្តេជ្ញាធ្វើឱ្យការធ្វើដំណើរកាន់តែរីករាយ។ យើងកំពុងទន្ទឹងរង់ចាំក្នុងការបន្តលើកកម្ពស់អាកាសយានដ្ឋានអន្តរជាតិនេះ តាមរយៈការវិនិយោគចំណេះដឹងសកល និងជំនាញក្នុងស្រុករបស់យើងនៅអាកាសយានដ្ឋាននេះ។
លោកឧកញ៉ា ឆាល វ៉ាន់ នាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជាបានកត់សម្គាល់លើការវិវឌ្ឍនាពេលថ្មីៗនេះថា តាមរយៈកិច្ចសហការរបស់យើងជាមួយក្រុមហ៊ុន Lagardère Travel Retail និង HSC Group យើងរំពឹងថា នឹងទទួលបានតម្លៃបន្ថែមសម្រាប់អ្នកដំណើរញឹកញាប់ដែលធ្វើដំណើរទៅ និងមក។ យើងមានទំនុកចិត្តថា គំនិតផ្តួចផ្តើមទាំងនេះនឹងជំរុញកំណើននៃវិស័យទេសចរណ៍របស់រាជធានីភ្នំពេញ និងរួមចំណែកដល់ការបង្កើតឱកាសការងារសម្រាប់សហគមន៍មូលដ្ឋាននាពេលអនាគតដ៏ខ្លីខាងមុខ៕ ដោយ ៖ គង់ ឌីន



