
រដ្ឋាភិបាលប៉ូឡូញ កាលពីថ្ងៃអង្គារ (ទី១៦ ខែមករា) បាននិយាយថា អ្នកបើកបររថយន្តដឹកទំនិញប៉ូឡូញបានយល់ព្រមបញ្ឈប់ការតវ៉ាដែលបានបិទច្រកព្រំដែនជាមួយប្រទេសអ៊ុយក្រែនជាច្រើន ចាប់តាំងពីខែវិច្ឆិកាមក។
រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ លោក Dariusz Klimczak បាននិយាយថា រដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមអ្នកតវ៉ា ដែលនឹងនាំទៅដល់ការផ្អាកការតវ៉ា រហូតដល់ថ្ងៃទី១ ខែមីនា នៅផ្លូវច្រកព្រំដែនចំនួន៣ គឺ Korczowa, Hrebenne និង Dorohusk។
នៅក្រោមកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលប៉ូឡូញបានសន្យាស្វែងរកការផ្លាស់ប្តូរច្បាប់របស់សហភាពអឺរ៉ុប (EU) ធានាការផ្តល់មូលនិធិរបស់សហភាពអឺរ៉ុបសម្រាប់ក្រុមហ៊ុនដឹកជញ្ជូន និងណែនាំការអនុវត្តឲ្យកាន់តែខ្លាំងឡើងលើការគ្រប់គ្រង នៅតាមព្រំដែនអ៊ុយក្រែន។ តំណាងឧស្សាហកម្មដឹកជញ្ជូនបានសង្កត់ធ្ងន់ថា ប្រសិនបើលទ្ធផលបង្ហាញថា មិនគួរឲ្យពេញចិត្តទេនោះ ការតវ៉ានឹងចាប់ផ្តើមឡើងវិញ។
អ្នកបើកបរឡានដឹកទំនិញប៉ូឡូញបានចាប់ផ្តើមបិទច្រកព្រំដែន កាលពីថ្ងៃទី៦ ខែវិច្ឆិកា ដោយត្អូញត្អែរថាអាជីវកម្មរបស់ពួកគេត្រូវបានកាត់បន្ថយដោយក្រុមហ៊ុនអ៊ុយក្រែន។ ពួកគេបានជំរុញឲ្យសហភាពអឺរ៉ុបផ្តល់ការអនុញ្ញាតពាណិជ្ជកម្មឡើងវិញ សម្រាប់ក្រុមហ៊ុនអ៊ុយក្រែន ដើម្បីធ្វើប្រតិបត្តិការនៅក្នុងប្លុកនេះ ដែលត្រូវបានបដិសេធភ្លាមៗ បន្ទាប់ពីជម្លោះផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែន៕