
នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីហុងគ្រីលោក វីកទ័រ អ័របាន (Viktor Orban) បានប្រកាសការគាំទ្ររបស់ខ្លួនចំពោះជំហររបស់ប្រទេសហុងគ្រីប្រឆាំងនឹងការកែប្រែថវិកាសហភាពអឺរ៉ុប ដើម្បីបែងចែកជំនួយចំនួន ៥០ពាន់លានអឺរ៉ូ (៥៥ ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន។
លោកនាយករដ្ឋមន្ត្រីស្លូវ៉ាគី ក៏បានលើកឡើងពីការឃោសនារបស់រុស្ស៊ី ដោយបញ្ជាក់ថា សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន «គ្មានដំណោះស្រាយយោធា» ហើយថា រុស្ស៊ីនឹងរក្សាការគ្រប់គ្រងយោធាលើតំបន់ដូណិតស្ក៍ (Donetsk) និង លូហានស្ក៍ ( Luhansk) ហើយនឹងមិនចាកចេញពីតំបន់គ្រីម៉េ ដែលគ្រប់គ្រងដោយ រុស្ស៊ីនោះទេ។
លោកហ្វីកូ បាននិយាយថា៖«ចូរយើងស្វែងរកវិធីសាស្រ្តផ្សេងទៀត ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែប្រសិនបើនរណាម្នាក់ គិតថាដោយការបណ្តាក់ទុនចំនួន ៥០ពាន់លានអឺរ៉ូ និងការបញ្ជូនអាវុធថ្មីៗរាប់រយគ្រឿង យើងនឹងដោះស្រាយអ្វីមួយ នោះយើងនឹងមិនបានដោះស្រាយអ្វីទាំងអស់»។
កាលពីមុន លោកអ័របាន ធ្លាប់បានបញ្ជាក់ថា ហុងគ្រីជំទាស់នឹងការផ្តល់ជំនួយដល់អ៊ុយក្រែនចំនួន ៥០ ពាន់លានអឺរ៉ូ ក្នុងរយៈពេល ៤ឆ្នាំ ដោយអះអាងថា វាជាការរំលោភលើអធិបតេយ្យភាព និងផលប្រយោជន៍ជាតិរបស់សហភាពអឺរ៉ុប។