
អភិបាលរដ្ឋ Oyo របស់ប្រទេសនីហ្សេរីយ៉ា បាននិយាយនៅថ្ងៃពុធ (ទី១៧ ខែមករា) នេះថា យ៉ាងហោចណាស់មនុស្ស ២នាក់ បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស នៅពេលដែលគ្រឿងផ្ទុះដែលរក្សាទុកនៅឯលំនៅឋានឯកជនមួយ ក្នុងរដ្ឋនេះ បានឡើងផ្ទុះ។
វីដេអូដែលថតដោយសាក្សីម្នាក់ កាលពីយប់ថ្ងៃអង្គារ (ទី១៦ ខែមករា) បានបង្ហាញពីអគារ និងយានជំនិះដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅតំបន់ Bodija ក្នុងទីក្រុង Ibadan ខណៈដែលអ្នកស្រុកដែលមានការស្លន់ស្លោ នាំគ្នាឈរនៅតាមដងផ្លូវ។
ពាក់ព័ន្ធនឹងហេតុការណ៍ផ្ទុះនេះ អភិបាលរដ្ឋ លោក Seyi Makinde បាននិយាយថា ការស៊ើបអង្កេតបឋមបានបង្ហាញថា អ្នកជីករ៉ែខុសច្បាប់ដែលកាន់កាប់ផ្ទះមួយខ្នងក្នុងតំបន់ Bodija បានរក្សាទុកឧបករណ៍ផ្ទុះនៅទីនោះ ដែលបណ្តាលឲ្យមានការផ្ទុះឡើង។ លោក Makinde បានបន្ថែមថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ កំពុងដំណើរការ ហើយរដ្ឋាភិបាលរដ្ឋនឹងផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន សម្រាប់អ្នកដែលបានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ៕