
ប្រធានាធិបតីទួរគីលោក លោករ៉េសិប តាយីប អេរដូហ្គែន (Recep Tayyip Erdogan) បានថ្លែងកាលពីថ្ងៃអង្គារថា ទួរគី នឹងបន្តប្រតិបត្តិការឆ្លងព្រំដែនរបស់ខ្លួនប្រឆាំងនឹងគណបក្សពលករឃើដ (PKK) ដែលមិនស្របច្បាប់ រហូតដល់វាត្រូវបានបោសសម្អាតចេញពីប្រទេសអ៊ីរ៉ាក់ភាគខាងជើង។
លោកអេរដូហ្គែន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងរដ្ឋធានី អង់ការ៉ាថា៖«កិច្ចប្រតិបត្តិការរបស់យើងនៅក្នុងតំបន់នេះ នឹងបន្តរហូតដល់យើងទទួលបានសុវត្ថិភាពនៅទូទាំងតំបន់ភ្នំនៃប្រទេសអ៊ីរ៉ាក់ភាគខាងជើង ដែលជាប្រភពនៃអំពើភេរវកម្ម។
លោកបាននិយាយថា គោលដៅសរុបចំនួន ១១៤ ត្រូវបានវាយប្រហារជាផ្នែកនៃប្រតិបត្តិការផ្លូវអាកាសរបស់ទួរគីនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ហើយ «ភេរវករ» សរុបចំនួន ៧៨នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ៥ ថ្ងៃកន្លងមកនេះ ដោយសំដៅទៅលើយុទ្ធនាការយោធាឆ្លងព្រំដែននាពេលថ្មីៗនេះរបស់ប្រទេសដែលបានចាប់ផ្តើម បន្ទាប់ពីទាហានទួរគី ៩នាក់ ត្រូវបានសម្លាប់នៅប្រទេសអ៊ីរ៉ាក់ភាគខាងជើង ដោយក្រុមសកម្មប្រយុទ្ធនៃគណបក្សពលករឃើដ(PKK) កាលពីថ្ងៃទី ១២ ខែមករា។
លោកអេរដូហ្គែន បាននិយាយថា ការប៉ុនប៉ងដើម្បី «ពង្រឹង» គណបក្សពលករឃើដ ដោយការផ្តល់ឲ្យវានូវអាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺន និងទីជម្រក បានទទួលនូវសន្ទុះ ប៉ុន្តែលោកមិនបានបញ្ជាក់ពីអ្នកណាដែលគាំទ្រក្រុមនោះទេ។
លោកបានបន្ថែមថា៖«ប្រតិបត្តិការឆ្លងព្រំដែនរបស់យើង ក៏បានរារាំងផែនការដែលមានបំណងអូសទួរគី ចូលទៅក្នុងភាពចលាចលផ្ទៃក្នុងតាមរយៈរលកនៃការធ្វើទេសន្តរប្រវេសន៍មិនទៀងទាត់»។
ប្រធានាធិបតីទួរគីរូបនេះ ក៏បាននិយាយផងដែរថា ទីក្រុងអង់ការ៉ា នឹងចាត់វិធានការបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម នៅក្នុងប៉ុន្មានខែខាងមុខនេះ ដោយមិនគិតពី «អ្នកណានិយាយអ្វី ឬគំរាមកំហែងអ្វីនោះទេ»។