ភ្នំពេញ ៖ ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ក្រុមហ៊ុន OCIC និង Platform Impact បានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីគាំទ្រដល់ការបង្កើតសាលាបង្រៀនសរសេរកម្មវិធីកុំព្យូទ័រប្រកបដោយភាពច្នៃប្រឌិត នៅមជ្ឈមណ្ឌលសហគមន៍ Connexion នៅកោះពេជ្រ រាជធានីភ្នំពេញ។
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការអប់រំ និងការពង្រឹងបច្ចេកវិទ្យា ក្រុមហ៊ុនសា ជីវកម្មវិនិយោគចិនក្រៅប្រទេសនៃកម្ពុជា(OCIC) និង Platform Impact បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ដើម្បីរួមគ្នាគាំទ្រដល់ប្រព័ន្ធអេកូបច្ចេកវិទ្យា-អប់រំ(Tech-educational ecosystem) ពាក់ព័ន្ធនឹងការសរសេរកម្មវិធីកុំព្យូទ័រ និងការអភិវឌ្ឍន៍កម្មវិធី។ ភាពជាដៃគូនេះមានគោ លបំណងផ្តល់ការសិក្សាដោយឥតគិតថ្លៃដល់សិស្សដែលមាន ឬគ្មានសញ្ញាបត្រ និងមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ។
កិច្ចព្រមព្រៀងនេះបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែមករា នៅ MEDEF នាទីក្រុងប៉ារីសដោយលោកបណ្ឌិត លឹម លីណា អនុប្រធានក្រុមហ៊ុន Canadia Group & OCIC រួមជាមួយលោក Wisal Win ប្រធានប្រធានក្រុមហ៊ុន Platform Impact ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរក្នុងការរួមចំ ណែកបង្កើនធនធាន និងជំនាញដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយនិរន្តរភាព សម្រាប់សិស្ស កម្ពុជា។
លោក Wisal Hin ប្រធានក្រុមហ៊ុន Platform Impact មានប្រសាសន៍ថា "យើងមានសេចក្តីរំភើបរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន OCIC ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ជំនាញនេះ។ សិស្សនឹងទទួលបាននូវជំនាញដែលត្រូវការសម្រាប់អនាគតដ៏ជោគជ័យ»។
លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC Group បានលើកឡើងថា "ភាពជាដៃគូជាមួយ Platform Impact នេះស្របតាមការប្តេជ្ញាចិត្តនៃតម្លៃរួមរបស់យើងចំពោះការគាំទ្រគំនិតផ្តួចផ្តើមដែលមានឥទ្ធិពលវិជ្ជមានលើយុវជន ការអប់រំ និងបច្ចេកវិទ្យា ដែលទីបំផុតបានរួមចំណែកដល់អនាគតរបស់ប្រទេសកម្ពុជា ក៏ដូចជាការរីកចម្រើន និងការអភិវឌ្ឍន៍របស់ខ្លួន"។
MOU នេះជាការចាប់ផ្តើមនៃដំណើរសហការដើម្បីពន្លឿនជំនាញឌីជីថលនៅកម្ពុជា៕ ដោយ ៖ គង់ ឌីន




