
មន្ត្រីនាយកដ្ឋានកែប្រែបានឲ្យដឹងនៅថ្ងៃពុធ (ទី១៧ ខែមករា) នេះថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានការដោះលែងឲ្យនៅក្រៅឃុំ នៅខែក្រោយ ដោយសារតែវ័យ និងសុខភាពរបស់លោក។
លោកមហាសេដ្ឋី ថាក់ស៊ីន វ័យ ៧៤ឆ្នាំ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយមានជំងឺលើសឈាម និងថប់ទ្រូង ក្នុងរយៈពេលប៉ុន្មានម៉ោងនៃការវិលត្រឡប់មកប្រទេសថៃវិញ កាលខែសីហា ក្រោយនិរទេសខ្លួនរយៈពេល ១៥ឆ្នាំ ដើម្បីអនុវត្តការកាត់ទោសរយៈពេល ៨ឆ្នាំពីបទរំលោភអំណាច។
ទោសរបស់លោកត្រូវបានកាត់បន្ថយមកត្រឹមរយៈពេល ១ឆ្នាំ បន្ទាប់ពីមានព្រះរាជលើកលែងទោសពីព្រះមហាក្សត្រ។ នាយកដ្ឋានកែប្រែកាលពីសប្តាហ៍មុន បានឲ្យរូបលោកបន្តស្នាក់នៅក្នុងមន្ទីរពេទ្យនគរបាល ដោយលើកឡើងពីភាពចាំបាច់ ក្នុងការតាមដានសុខភាពរបស់គាត់។
ក្នុងការឆ្លើយតបទៅនឹងសំណួរមួយ ដែលសួរថា តើលោក ថាក់ស៊ីន អាចនឹងត្រូវបានដោះលែងនៅក្នុងខែកុម្ភៈដែរ ឬទេ អគ្គនាយករងនៃនាយកដ្ឋានកែប្រែ លោក Sitthi Sutivong (សិទ្ធី ស៊ូទីវង្ស) បានប្រាប់ទៅអ្នកសារព័ត៌មានថា៖ «ផ្អែកលើលក្ខណៈវិនិច្ឆ័យ លោក ថាក់ស៊ីន មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានការលើកលែងទោសពិសេស»។
សូមរំលឹកថា លោក ថាក់ស៊ីន ត្រូវបានទម្លាក់ចេញពីអំណាចនៅក្នុងរដ្ឋប្រហារយោធាឆ្នាំ២០០៦ ហើយគឺជាចំណុចសំខាន់ចម្បងនៃភាពចលាចលរយៈពេល ១៧ឆ្នាំ ក្នុងប្រទេសថៃ ដែលមានឥទ្ធិពលលើនយោបាយពីការនិរទេសខ្លួនរបស់លោក៕