ភ្នំពេញ ៖ នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកអតីតនាយករដ្ឋមន្រ្តីអង់គ្លេស Tony Blair បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ ហើយលោកក៏ បានបង្ហាញបំណងពង្រឹងកិច្ចសហការ និងស្វែងយល់បន្ថែមអំពីគោលនយោបាយរបស់ជាអាទិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
នៅក្នុងកិច្ចជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស លោកTony Blair បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ហើយលោកបានជម្រាបជូនសម្ដេចធិបតីថា វិទ្យាស្ថានបម្រែបម្រួលសកល Tony Blair បាននិងកំពុងជួយគាំទ្រដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍជាច្រើន ហើយក្នុងនោះក៏មានប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ។
ជាមួយនេះដែរអតីតនាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះក៏បានបង្ហាញពីបំណងពង្រឹងកិច្ចសហការ និងការស្វែងយល់បន្ថែមអំពីកម្ពុជា ដោយលោកបានជម្រាបសួរសម្ដេចធិបតីបន្ថែមអំពីគោលនយោបាយអាទិភាពសំខាន់ៗមួយចំនួនរបស់កម្ពុជា ដែលរួមមានវិស័យថាមពល បរិស្ថាន កសិកម្ម ឧស្សាហកម្ម ជាដើម។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងនូវការស្វាគមន៍ និងសេចក្តីរីករាយ ដែលបានជួបពិភាក្សាជាមួយលោក Tony Blair និងបានបញ្ជាក់ថា កម្ពុជារក្សាបានូវសុខសន្ដិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាមួយគ្នានោះដែរសម្តេចធិបតី បានប្រាប់ដល់អតីតនាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះផងដែរថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកំណត់យកនូវអាទិភាពគន្លឹះរួមមាន៖ ការអភិវឌ្ឍមូលធនមនុស្ស ការរក្សាកំណើន ការបង្កើតការងារ និងការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាពនិងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
ក្នុងកិច្ចជំនួបនោះដែរ សម្តេចនាយករដ្ឋមន្រ្តី បានប្រាប់បន្ថែលដល់លោក Tony Blair ទៀតថារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើការពង្រឹងអភិបាលកិច្ចល្អ ហើយវិស័យកសិកម្មនៅតែជាវិស័យអាទិភាពមួយ ដោយរាជរដ្ឋាភិបាលបាននិងកំពុងធ្វើការការផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកជាចម្បងលើកសិកម្មប្រពៃណី ទៅជាសេដ្ឋកិច្ចទំនើប ដែលពឹងផ្អែកលើកសិកម្មវៃឆ្លាត។
ដោយឡែកចំពោះវិស័យថាមពល និងបរិស្ថានវិញ សម្ដេចធិបតី បានគូសបញ្ជាក់ថា ការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជាសម្រេចបាន ៦២% នាពេលបច្ចុប្បន្ន ហើយនឹងបន្តជំរុញឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០។កម្ពុជាក៏បានសម្រេចបញ្ឈប់គម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០មេហ្កាវ៉ាត់ផងដែរ។ សម្ដេចធិបតីបានបញ្ជាក់ថែមទៀតដល់លោក Tony Blair ដែរថារាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើនដើម្បីកែទម្រង់ស្ថាប័ន ហើយកម្ពុជាត្រូវការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បីជាចលករនៃការអភិវឌ្ឍប្រទេសស្របតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន៕ អត្ថបទ ៖ បាន ចក់





