កំពង់ឆ្នាំង៖ ស្ពានព្រៃគ្រាំង ស្ថិតក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គឺជាស្ពានមួយមានសារៈសំខាន់ខ្លាំងដល់ប្រជាកសិករក្នុងការដោះដូរទំនិញ និងដឹកកសិផលទៅមក។ កាលពីមុនស្ពាននេះ ជាស្ពានឈើ តែត្រូវទឹកស្ទឹងហូរដាច់នៅចុងឆ្នាំ២០២២ ធ្វើអោយប្រជាកសិករត្រូវបង្ខំចិត្តធ្វើដំណើរវៀងតាមផ្លូវផ្សេងដែលចំណាយទាំងពេលវេលា និងថវិកាច្រើនទៀតផង។

លោក សំ សំណាង មេភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់បានថ្លែងអោយដឹងថា កន្លងមកស្ពានព្រៃគ្រាំងនេះ ជាស្ពានឈើ ត្រូវបានប្រជាកសិករនៅភូមិព្រៃខ្មែរ ភូមិអណ្តូងច្រុះ ភូមិគ្រោះ ភូមិជារៅ ក្នុងឃុំរលាប្អៀរ និងភូមិបាញ់ឆ្គោល ភូមិត្រពាំងអន ភូមិអូរកំណប់ ភូមិឃ្លៃ ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង តែងនាំគ្នាប្រើប្រាស់ស្ពានមួយនេះជាប្រចាំ ដោយផ្លូវតាមស្ពាននេះ ជាផ្លូវកាត់ចំណេញពេលវេលា និងប្រាក់កាសក្នុងការធ្វើដំណើរ។ តែកាលពីក្នុងឆ្នាំ២០២២ ស្ពានឈើមួយនេះត្រូវបានជំនន់ទឹកភ្លៀងដែលហូរតាមស្ទឹង បានកាត់ផ្តាច់ខូចខាតទាំងស្រុង។ ប្រជាកសិករទាំងអស់មិនបានធ្វើដំណើរតាមស្ពាននេះទៀតឡើយ ។ ក្រោយមក ដោយសារមានការសហការគ្នារវាងមេភូមិទាំង៨ មេឃុំទាំង២ និងលោកអភិបាលស្រុក បានអោយមេភូមិបាញ់ឆ្គោលជាអ្នកដឹកនាំកសាងស្ពានបេតុងនេះឡើង ទំហំបណ្តោយស្ពាន២០ម៉ែត្រ ទទឹង៤,១០ម៉ែត្រ និងកំពស់៦ម៉ែត្រ។ ការកសាងនេះ ក៏មានការចូលរួមពីក្រុមការងារថ្នាក់ជាតិបានមួយចំនួន លោកអភិបាលស្រុករលាប្អៀរបានមួយចំណែក និងប្រជាពលរដ្ឋក្នុងភូមិបានមួយចំនួន។ បើទោះជាមានការចូលរួមយ៉ាងនេះក្តី ក៏នៅខ្វះច្រើនផងដែរលើស៊ីម៉ង់ ដែក ខ្សាច់ ថ្មជាដើម។

លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានអោយដឹងថា ដោយសារតម្រូវការរបស់ប្រជាជននៅក្នុងឃុំទាំង២ និងការដឹកកសផលផងនោះ លោកបានអនុញ្ញាតអោយមេភូមិបាញ់ឆ្គោលកសាងស្ពានបេតុងនេះឡើង ដោយមានការត្រួតពិនិត្យជំនាញបច្ចេកទេសពីការិយាល័យសាធារណការស្រុករលាប្អៀរ៕ កាំង ហុងវាស្នា



