រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (១៧ មករា) បានដាក់ក្រុមឧទ្ទាមហ៊ួទី (Houthi) ដែលមានមូលដ្ឋាននៅយេម៉ែន ទៅក្នុងបញ្ជីក្រុមភេរវករឡើងវិញនៅក្នុងការប៉ុនប៉ងចុងក្រោយដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ការវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិ។

ក្រុមមន្ត្រីបាននិយាយថា ការចាត់តាំងជា «ភេរវករសកលកំណត់ជាពិសេស» (SDGT) ដែលវាយប្រហារក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់នេះជាមួយនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ គឺសំដៅកាត់ផ្តាច់ការផ្តល់មូលនិធិ និងអាវុធដែលពួកហ៊ួទី បានប្រើដើម្បីវាយប្រហារ ឬប្លន់នាវានៅក្នុងផ្លូវដឹកជញ្ជូនសមុទ្រក្រហមដ៏សំខាន់។

រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ក៏បានដាក់ចេញ «ករណីលើកលែង» ក្នុងគោលបំណងជៀសវាងផលប៉ះពាល់ដល់ប្រជាជនយេម៉ែន ដែលពឹងផ្អែកលើការនាំចូលស្បៀងអាហារ និងជំនួយមនុស្សធម៌ ហើយបានសន្យាថានឹងធ្វើការផ្សព្វផ្សាយទៅកាន់ក្រុមនានា រួមទាំងទីភ្នាក់ងារជំនួយ មុនពេលការកំណត់ចូលជាធរមានក្នុងរយៈពេល ៣០ថ្ងៃ។

យុទ្ធនាការរបស់ក្រុមហ៊ួទី បានបង្អាក់ពាណិជ្ជកម្មពិភពលោក បង្កការភ័យខ្លាចនៃអតិផរណា និងការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការរាលដាលចេញពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស អាចធ្វើឲ្យមជ្ឈិមបូព៌ាមានអស្ថិរភាព៕