ប្រទេសប៉ាគីស្ថាន បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីប្រទេសជិតខាងអ៊ីរ៉ង់ កាលពីថ្ងៃពុធ (១៧ មករា) ដើម្បីតវ៉ាចំពោះ «ការរំលោភអធិបតេយ្យភាពរបស់ខ្លួន» បន្ទាប់ពីទីក្រុងតេអេរ៉ង់ បាននិយាយថាខ្លួនបានបើកការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានសកម្មប្រយុទ្ធនៅភាគនិរតីប៉ាគីស្ថាន។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា ខ្លួនបានវាយប្រហារក្រុមសកម្មប្រយុទ្ធក្នុងការវាយប្រហារដោយ «មីស៊ីល និងយានដ្រូន»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា មីស៊ីលរបស់អ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានចំនួនពីរទីតាំងនៃក្រុមមូស្លីមនិកាយស៊ុននី ចាអ៊ីស អាល់អាឌែល (Jaish al-Adl) ដែលត្រូវបានកំណត់ថាជា «អង្គការភេរវករបរទេស» ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។
ប្រទេសប៉ាគីស្ថានដែលមានអាវុធនុយក្លេអ៊ែរបាននិយាយថា ការរំលោភលើដែនអាកាសរបស់ខ្លួនបានបណ្តាលឲ្យកុមារពីរនាក់ស្លាប់ ប៉ុន្តែមិនបានបញ្ជាក់ពីលក្ខណៈនៃការរំលោភបំពាននោះ ឬទីតាំងនៃការវាយប្រហារឡើយ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមីរ៉ាបឌូលឡាសអៀន (Hossein Amirabdollahian) បាននិយាយនៅទីក្រុងដេវ៉ូស (Davos) ប្រទេសស្វីស ជាទីដែលលោកកំពុងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ដោយចោទប្រកាន់ថាការវាយប្រហារទាំងនោះមានទំនាក់ទំនងនឹងអ៊ីស្រាអែល។
ប៉ាគីស្ថាន និងអ៊ីរ៉ង់ កាលពីអតីតកាលមានទំនាក់ទំនងដ៏រកាំរកូស ប៉ុន្តែការវាយប្រហារនេះគឺជាការឈ្លានពានឆ្លងព្រំដែនខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕