អាជ្ញាធរការពារជាតិកោះតៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញយន្តហោះរបស់កងទ័ពអាកាសចិនចំនួន ១៨គ្រឿង ដែលកំពុងប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ និងអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» ជាមួយនាវាចម្បាំងរបស់ចិនកាលពីថ្ងៃពុធ (១៧ មករា) ដែលជាសកម្មភាពយោធាទ្រង់ទ្រាយធំលើកដំបូងបន្ទាប់ពីការបោះឆ្នោតតៃវ៉ាន់។

ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ ជាទៀងទាត់បានបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងទៅកាន់ដែនអាកាស និងដែនទឹកជុំវិញកោះនេះ ខណៈដែលខ្លួនព្យាយាមអះអាងអធិបតេយ្យភាព ដែលរដ្ឋាភិបាលទីក្រុងតៃប៉ិ បដិសេធ។

កោះតៃវ៉ាន់បានបោះឆ្នោតឲ្យលោក ឡៃ ឈីងតឺ (Lai Ching-te) របស់គណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចជាមេដឹកនាំបន្ទាប់របស់ខ្លួនកាលពីថ្ងៃសៅរ៍ ដោយលោកឡៃ ជាអ្នកដែលទីក្រុងប៉េកាំងបានរិះគន់ម្តងហើយម្តងទៀតថាជាអ្នកផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ និងជាអ្នកនាំឲ្យមានសង្រ្គាម។
អាជ្ញាធរការពារជាតិតៃវ៉ាន់បាននិយាយថា ចាប់ផ្តើមនៅម៉ោងប្រហែល ៧:៥០នាទីយប់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃពុធ ខ្លួនបានរកឃើញយន្តហោះចំនួន ១៨គ្រឿង រួមទាំងយន្តហោះចម្បាំង Su-30 ដែលកំពុងប្រតិបត្តិការនៅភាគខាងជើង និងកណ្តាលកោះតៃវ៉ាន់ និងទៅកាន់ភាគនិរតីនៃកោះនេះ។
អាជ្ញាធរដដែលនេះបានបន្ថែមថា យន្តហោះចំនួន ១១គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់មេដ្យានរបស់ច្រកសមុទ្រតៃវ៉ាន់ ឬតំបន់ដែលនៅជិតនោះ ដោយធ្វើការជាមួយនាវាចម្បាំងចិន ដើម្បីអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា»៕