តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (១៧ មករា) បាននិយាយថាខ្លួននឹងពិចារណាឡើងវិញនូវការសម្រេចចិត្តនាពេលថ្មីៗនេះដែលតម្រូវឱ្យរដ្ឋតិចសាស់ ដករបាំងបណ្តែតទឹកប្រវែង ៣០៥ម៉ែត្រ ដែលខ្លួនបានដាក់នៅក្នុងទន្លេ រីអូ ក្រានដេ (Rio Grande) ដើម្បីរារាំងជនអន្តោប្រវេសន៍ពីការឆ្លងដែនខុសច្បាប់ជាមួយប្រទេសម៉ិកស៊ិក។

ការសម្រេចដោយសាលាឧទ្ធរណ៍ប្រចាំតំបន់ទី៥ របស់សហរដ្ឋអាមេរិក នៅក្នុងទីក្រុង ញ៉ូវ អរលៀនស៍ (New Orleans) នេះទុកចោលមួយឡែកនូវសេចក្តីសម្រេចក្នុងខែធ្នូ របស់ក្រុមប្រឹក្សាចៅក្រមបីក្រុម ដែលនៅខាងរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ហើយបាននិយាយថា រដ្ឋមិនអាចដំឡើងរបាំងដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលសហព័ន្ធបានទេ។

សេចក្តីសម្រេចនោះគឺជាជំហានថយក្រោយសម្រាប់អភិបាលរដ្ឋតិចសាស់ លោក ហ្គ្រេក អាបបុត (Greg Abbott) មកពីគណបក្សសាធារណរដ្ឋ ដែលបានរិះគន់យ៉ាងខ្លាំងចំពោះការចាត់ចែងរបស់ប្រធានាធិបតីប្រជាធិបតេយ្យលោក ចូ បៃដិន លើចំនួនជនអន្តោប្រវេសន៍ដ៏ច្រើនលើសលប់ឆ្លងកាត់ព្រំដែនដោយខុសច្បាប់។ សាលាឧទ្ធរណ៍ប្រចាំតំបន់ទី៥ នេះបាននិយាយថា ខ្លួននឹងស្តាប់ទឡ្ហីករណ៍ក្នុងសំណុំរឿងនេះក្នុងខែឧសភា ខាងមុខ។

របាំងអណ្តែតទឹកនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់លោកអភិបាល អាបបុត ក្នុងការរារាំង និងដាក់ទណ្ឌកម្មលើការឆ្លងកាត់ព្រំដែនខុសច្បាប់ ដែលត្រូវបានគេស្គាល់ថាជាប្រតិបត្តិការ ឡូន ស្តារ (Operation Lone Star)៕