អារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខនៅមជ្ឈិមបូព៌ា ខណៈដែលការកើតចេញពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានរីករាលដាលទូទាំងតំបន់នេះ។

រដ្ឋមន្ត្រីការបរទេសព្រះអង្គម្ចាស់ ហ្វៃសាល ប៊ីន ហ្វាហាន (Faisal Bin Farhan) បានរំលឹកឡើងវិញថា ចាំបាច់ត្រូវមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដើម្បីជួយនាំមកនូវដំណោះស្រាយចំពោះជម្លោះដ៏សំខាន់ ហើយមហាអំណាចអន្តរជាតិ គួរតែប្រើប្រាស់ការទូត ដើម្បីបញ្ចប់ការវាយប្រហារដឹកជញ្ជូនរបស់ក្រុមហួទីនៅសមុទ្រក្រហម។

ព្រះអង្គម្ចាស់ហ្វៃសាល បានមានព្រះបន្ទូលនៅក្នុងក្រុមប្រឹក្សាមួយនៅវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុងដាវូស (Davos)ថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្តិសុខក្នុងតំបន់។ «សេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រក្រហម ប៉ះពាល់ដល់យើងទាំងអស់គ្នា។ យើងគិតថា អាទិភាពចាំបាច់ត្រូវមានការបន្ធូរបន្ថយ - ការថយចុះនូវភាពតានតឹងនៅសមុទ្រក្រហម និងក្នុងតំបន់នេះទាំងមូល។ ផ្នែកមួយនៃសន្តិសុខក្នុងតំបន់ គឺធ្វើឲ្យប្រាកដថា យើងចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់»។

សមុទ្រក្រហមភាគខាងត្បូង ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់កនាវាពាណិជ្ជកម្ម ត្រូវបានវាយប្រហារដោយក្រុមហួទី ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា។ ក្រុមយេម៉ែនដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់មីស៊ីល និងយានដ្រូន ហើយព្យាយាមចាប់យកនាវាដែលជាផ្នែកនៃយុទ្ធនាការដែលខ្លួននិយាយថា គាំទ្រក្រុមហា ម៉ាស។
កាលពីចុងសប្តាហ៍មុន បន្ទាប់ពីក្រុមហួទី មិនអើពើនឹងការព្រមានម្តងហើយម្តងទៀត ដើម្បីបញ្ឈប់ការវាយប្រហាររបស់ពួកគេ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបាញ់មីស៊ីលទៅកាន់គោលដៅក្នុងប្រទេសយេម៉ែនដែលក្រុមនេះប្រើប្រាស់។ ក្រុមហួទី បានឆ្លើយតបដោយនិយាយថា ពួកគេនឹងបង្កើនការឈ្លានពានរបស់ពួកគេ រហូតដល់អ៊ីស្រាអែលដកខ្លួនចេញពីតំបន់ហ្កាហ្សា។ កាលពីថ្ងៃពុធ ពួកគេ បានវាយប្រហារនាវាផ្ទុកទំនិញធំមួយរបស់ប្រទេសក្រិក ក្នុងការវាយប្រហារលើកទីពីរ ក្នុងរយៈពេល២៤ម៉ោង។