បាល់ទាត់៖ អាជ្ញាធរសុខាភិបាលដាណឺម៉ាក បានប្រកាសពីការរកឃើញអ្នកគាំទ្រ ៣នាក់វិជ្ជមាន Covid-19 បម្លែងខ្លួនថ្មីក្នុងចំណោមអ្នកគាំទ្រ ដែលបានចូលទស្សនាការប្រកួត Euro ២០២០ រវាងក្រុមដាណឺម៉ាក និងប៊ែលហ្សិកកាលពីថ្ងៃទី១៧ ខែមិថុនា។

ជាមួយគ្នានោះដែរ អាជ្ញាធរសុខាភិបាលដាណឺម៉ាកក៏បានទទូច អោយអ្នកគាំទ្រដែលបានចូលទស្សនាការប្រកួតរវាងដាណឺម៉ាក និងប៊ែលហ្ស៊ិកទាំងអស់នៅកីឡដ្ឋាន Parken ទីក្រុង Copenhagen កាលពីថ្ងៃទី១៧ នោះមកធ្វើតេស្ត និងតាមដានសុខភាពរៀងៗខ្លួន។ រដ្ឋមន្ត្រីសុខាភិបាលដាណឺម៉ាកបានអោយដឹងថា អ្នកគាំទ្រ ៤ពាន់នាក់ដែលអង្គុយនៅតំបន់ C នៃកីឡដ្ឋានអាចនឹងពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានទាំង ៣នាក់នេះ។
ការប្រកួតរវាងដាណឺម៉ាក និងប៊ែលហ្សិកនៅកីឡដ្ឋាន Parken កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននោះ មានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់សរុប ២៣៣៩៥នាក់។ តាំងពីថ្ងៃទី២ ខែមេសានៅពេលមានការឆ្លងមេរោគ Covid-19 បម្លែងខ្លួនថ្មីរឺហៅថា Delta ដែលមានឥទ្ធិពលចម្លងលឿននោះ អាជ្ញាធរសុខាភិបាលដាណឺម៉ាក ក៏រកឃើញមេរោគប្រភេទថ្មីនេះ ២៤៧ករណី៕
អត្ថបទ៖នាង សុភាវុធ