ប្រមុខមន្ត្រីយោធារបស់អង្គការណាតូ បានអំពាវនាវដល់ភាគីសាធារណៈ និងឯកជននៅលោកខាងលិចកាលពីថ្ងៃពុធ (១៧ មករា) ឲ្យត្រៀមខ្លួនសម្រាប់សម័យកាលដែលអ្វីៗអាចកើតឡើងគ្រប់ពេលវេលា រួមទាំងការប្រយុទ្ធនឹងសង្រ្គាមផងដែរ។

លោកឧត្តមនាវីឯក រ៉ប បោអឺ (Rob Bauer) របស់ហូឡង់ បាននិយាយនៅពេលលោកបើកកិច្ចប្រជុំរយៈពេលពីរថ្ងៃនៃប្រមុខការពារជាតិនៅទីក្រុងប្រ៊ុចសែល ថា «យើងត្រូវការបង្កើតកងកម្លាំងប្រយុទ្ធនឹងសង្គ្រាមរបស់អង្គការណាតូ»។ លោកបានបញ្ជាក់ថា កាលពីមុន បណ្ដារដ្ឋាភិបាល និងក្រុមហ៊ុនរបស់ណាតូ រស់នៅក្នុងយុគសម័យដែលអ្វីៗមានបរិបូរណ៍ អាចមើលឃើញ អាចគ្រប់គ្រងបាន និងផ្តោតលើប្រសិទ្ធភាព។

លោកបន្ថែមថា៖ ប៉ុន្តែ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន នៅឆ្នាំ២០២២ មកពួកគេគួរតែកែសម្រួលការគិតរបស់ពួកគេទៅជា «សម័យកាលដែលអ្វីៗអាចកើតឡើងគ្រប់ពេលវេលា ជាសម័យដែលយើងត្រូវរំពឹងថានឹងមានអ្វីកើតឡើងដែលមិននឹកស្មានដល់ ជាសម័យដែលយើងត្រូវផ្តោតលើប្រសិទ្ធភាព ដើម្បីឲ្យមានប្រសិទ្ធភាពពេញលេញ»។

ការថ្លែងរបស់ប្រមុខមន្ត្រីយោធារបស់អង្គការណាតូរូបនេះធ្វើឡើងនៅពេលដែលជំនួយផ្នែកយោធារបស់អ៊ុយក្រែន ត្រូវបានរក្សាទុក ឬជាប់គាំងដោយជម្លោះនយោបាយនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕