កំពង់ធំ៖ គណៈកម្មការភូមិមយយផលិតមួយរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផល «ភូមិមួយ ផលិតផលមួយ» នៅសួនស្ទឹងសែន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមករា ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២២០៤, គណៈកម្មការភូមិមួយផលិតផលមួយ រៀបចំបើកកម្មវិធីការដាក់តាំងពិព័រណ៍ផលិតផលក្នុងស្រុក «ភូមិមួយផលិតផលមួយ» នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុងឱកាសនោះ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ លើកឡើងថា គោលនយោបាយជាតិសម្រាប់ជំរុញចលនាភូមិមួយផលិតផលមួយ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើអ្នកផលិតខ្នាតតូច និងមធ្យមដែលជាគោលដៅអាទិភាពដំបូង។

អ្នកផលិតខ្នាតតូចផ្នែកកែច្នៃ ស្បៀងអាហារ និងភេសជ្ជៈ ត្រូវមានការយកចិត្តទុកដាក់លើបញ្ហាអនាម័យ ដូចជាការស្តុកទុកវត្ថុធាតុដើម ផលិតផលសម្រេច និងការវេចខ្ចប់ឲ្យបានស្របតាមស្តង់ដារអនាម័យឧបករណ៍កែច្នៃ ជាពិសេសការគ្រប់គ្រងកាកសំណល់មិនអាចទទួលយកបាន។ លោកបន្តថា កន្លងមក គណៈកម្មការមួយផលិតមួយថ្នាក់ខេត្ត បានពិនិត្យ និងវាយតម្លៃ ជំវិញទំនិញ និងសេវាកម្ម សរុបចំនួន ២៦ប្រភេទ ដែលទំនិញមានចំនួន២២ប្រភេទ និងសេវា ចំនួន៤ ប្រភេទ ក្នុងចំណោមសំណើរទាំងអស់នេះ គណៈកម្មការជាតិភូមិមួយផលិតផលិតផលមួយ បានទទួលស្គាល់ទំនិញ ចំនួន ១៨ប្រភេទ និងសេវាកម្មចំនួន ៣ប្រភេទ ។ លោកបន្តថា ម្ចាស់សិប្បកម្ម សហគ្រាស ភោជនីយដ្ឋាន សហគមន៍ មានសិទ្ធិបំពេញពាក្យស្នើសុំ ចូលជាសមាជិកផលិតផលភូមិ មួយផលិតផលមួយបានផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ មានប្រសាសន៍ដោយលើកឡើងថា ក្រោមគម្រោងលើកកម្ពស់ការអនុវត្តអនាម័យរបស់អ្នកផលិតអាហារ បានរៀបចំគោលការណ៍ ណែនាំស្តីពីសុវត្ថិភាព និងអនាម័យចំណីអាហារ មានគោលបំណងដើម្បីផ្តល់ជូននូវចំណេះដឹងដល់ប្រតិបត្តិករគ្រប់ទីកន្លែង ក្នុងការផលិតចំណីអាហារដែលបានទទួល ឬមិនទាន់បានទទួលអាជ្ញាប័ណ្ណ ត្រូវតែមានផែនការអនុវត្តន៍នូវគោលការណ៍ណែនាំស្តីពីសុវត្ថិភាព មានអនាម័យចំណីអាហារ ព្រមទាំងផ្តល់ការណែនាំ ដល់ប្រតិបត្តិករ សេវាករចំណីអាហារ ពាក់ព័ន្ធនឹងធាតុចាំបាច់នៃការការពារចំពោះសុវត្ថិភាព និងអនាម័យ ចំណីអាហារសម្រាប់កន្លែងផលិតឱ្យបានជាអតិប្បរមា។ ក្នុងនាម គណៈកម្មការភូមិមួយផលិតផលមួយ នៅតែបន្តលើកទឹកចិត្តដល់អ្នកផលិត ឬផលិតករ សេវាករម្ហូបអាហារទាំងអស់ ព្យាយាមពង្រីក ស្វែងយល់ចំណេះដឹងបន្ថែមទៀត ក្នុងចូលរួមជាមួយគ្នាក្នុងកាផលិត ទាំងបរិមាណ និងអនាម័យឲ្យកាន់តែប្រសើរឡើង ដើម្បីធានាបានថា ផលិតផលទាំងអស់រក្សាបានទាំងសុខភាព និងសុវត្ថិភាពម្ហូបអាហារ ទាំងអ្នកផលិត និងអ្នកបរិភោព៕









