ក្រោយអនុវត្តន៍អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រហូតមកដល់ថ្ងៃនេះ ក្រសួងមហាផ្ទៃបានសម្រេចបណ្តេញមន្រ្តីនគរបាលចេញពីក្របខណ្ឌប្រមាណ៧០នាក់ បន្ទាប់ពីរកឃើញថាពួកគេប្រើប្រាស់គ្រឿងញៀន និងល្មើសវិន័យរបស់ក្រសួងមហាផ្ទៃ។ នេះបើតាមការបញ្ជាក់ពីលោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។

ថ្លែងប្រាប់ទូរទស្សន៍BTV នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ លោក ទូច សុខៈ បានបញ្ជាក់ថា មានមន្រ្តីនគរបាលមិនក្រោម៨០នាក់ទេ ដែលត្រូវបានរងវិន័យដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយក្នុងចំណោមជាង៨០នាក់នេះ គឺចំនួនជាង៧០នាក់ត្រូវបានបណ្តេញចេញពីក្របខណ្ឌ និងជាង១០នាក់ទៀតត្រូវបានដកតំណែង និងឋានន្តរស័ក្តិ។
កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិកម្ពុជា ត្រូវបន្សុទ្ធកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឱ្យមានពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ហើយប្រសិនបើរកឃើញថាកងកម្លាំងណាមានប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗ ដោយមិន ត្រូវលើកលែងនោះឡើយ។
យ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ ទាំងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងរដ្ឋមន្រ្តីក្រសួងការពារជាតិ បានសម្រេចបណ្តេញចេញនូវមន្រ្តីនគរបាល, និងកងយោធពលខេមរភូមិន្ទ មួយចំនួនជាបន្តបន្ទាប់ក្រោយរកឃើញថាពួកគេទាំងនោះជាប់ពាក់ព័ន្ធ និងប្រើប្រាស់នូវសារធាតុញៀន។
លោក ទូច សុខៈ បានបញ្ជាក់បន្ថែមទៀតថា ក្នុងចំណោមមន្រ្តីនគរបាលដែលត្រូវបានបណ្តេញចេញពីក្របខណ្ឌនគរបាល ឬក្រសួងមហាផ្ទៃនោះ មន្រ្តីខ្លះដែលមានយសស័ក្តិធំត្រូវបានបញ្ជូនទៅកាន់តុលាការដោយសារតែពួកគេជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ។ លោកបានបញ្ជាក់បន្ថែមទៀតថា ដើម្បី អនុវត្តអនុសាសន៍ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ដើម្បីសម្អាតផ្ទះផងនោះ បានយកវិន័យគ្រួសារមកអនុវត្តន៍ ចំពោះមន្រ្តីដែលប្រព្រឹត្តល្មើសនឹងកងកម្លាំងនគរបាលជាតិ ជាពិសេសនោះគឺអ្នកដែលប្រើប្រាស់គ្រឿងញៀននេះតែម្តង ដោយត្រូវបណ្តេញចោល ភ្លាមៗបន្ទាប់ពីរកឃើញថា ពួកគេជាប់ពាក់ព័ន្ធ និងប្រើប្រាស់គ្រៀងញៀននេះ។ លោកបញ្ជាក់បន្ថែមទៀត ថាបទបញ្ជានេះ នឹងធ្វើឲ្យដូចភ្លៀងរលឹម ដោយគ្មានថ្ងៃឈប់ឈរនោះឡើយ៕ អត្ថបទ៖ បាន ចក់