ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយកាលពីថ្ងៃពុធថា កំណើនសេដ្ឋកិច្ចចិនកាលពីឆ្នាំ ២០២៣ គឺជាដំណឹងល្អសម្រាប់ប្រទេសចិន និងពិភពលោក។

លោកស្រី គ្រីស្តាលីណា ចជីវ៉ា (Kristalina Georgieva) បានប្រាប់សារព័ត៌មាន Xinhua នៅទីក្រុង Davos ប្រទេសស្វីស នៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោកថា សេដ្ឋកិច្ចចិនបានបំពេញតាមគោលដៅរបស់ប្រទេស ដែលត្រូវបានកំណត់ប្រហែល៥% ហើយពិតជាលើសពីតម្រូវការទៀត។

នោះគឺជាដំណឹងល្អសម្រាប់ប្រទេសចិន ហើយក៏ជាដំណឹងដ៏ល្អសម្រាប់អាស៊ី និងពិភពលោកផងដែរ ដោយសារតែប្រទេសចិន ផ្តល់នូវកំណើនសេដ្ឋកិច្ចមួយភាគបីនៃពិភពលោក។
កាលពីថ្ងៃពុធ ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបានប្រកាសថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសបានកើនឡើង ៥,២ ភាគរយបើធៀបទៅនឹងឆ្នាំមុន ដល់កម្រិតខ្ពស់ថ្មី មួយគឺ១២៦,០៦ សែនកោដិយ័ន ប្រហែល ១៧,៧១ សែនកោដិដុល្លារ កាលពីឆ្នាំមុន។
លោកស្រី ចជីវ៉ា បានកត់សម្គាល់ថារដ្ឋាភិបាលចិនកំពុងផ្តោតសំខាន់លើការរុញកំណើនគុណភាពខ្ពស់ និងផ្លាស់ប្តូរគំរូកំណើនដែលខ្លួនបានតម្រង់ទិសដំបូង តាមរយៈការនាំចេញទៅកាន់គំរូមួយទៀតដែលផ្លាស់ប្ដួរតួនាទីពីប្រទេសផលិត ទៅជាប្រទេសប្រើប្រាស់កាន់តែធំ។
លោកស្រីបានលើកឡើងថា យើងគឺជាដៃគូដ៏ល្អជាមួយប្រទេសចិន ដោយលោកស្រីបានបន្ថែមថា ប្រទេសចិនមានសក្តានុពលដ៏អស្ចារ្យក្នុងការនាំមកនូវផលិតភាពកាន់តែច្រើន និងដើម្បីបង្កើតកម្លាំងពលកម្មដែលមានផលិតភាពកាន់តែច្រើន។
យោងតាមលោកស្រី កំណែទម្រង់ ការបើកចំហ និងសមាហរណកម្មក្នុងសេដ្ឋកិច្ចពិភពលោក គឺជាផ្លូវត្រឹមត្រូវសម្រាប់ប្រទេសចិនដើម្បីបន្តទៅមុខ។
មូលនិធិរូបិយវត្ថុអន្តរជាតិ កាលពីខែវិច្ឆិកាឆ្នាំមុនបានដំឡើងការព្យាករណ៍របស់ខ្លួនសម្រាប់សេដ្ឋកិច្ចចិនសម្រាប់ឆ្នាំ២០២៣ ពី ៥,០ ភាគរយ ដល់ ៥,៤ ភាគរយ និងសម្រាប់ ២០២៤ ពី ៤,២ ភាគរយ ដល់ ៤,៦ ភាគរយធៀបនឹងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកដែលបានចេញផ្សាយកាលពីខែតុលា៕