ភ្លៀងធ្លាក់ដ៏ត្រជាក់នៅភាគកណ្តាល និងភាគខាងត្បូងប្រទេសអាឡឺម៉ង់ បានបញ្ឈប់ជើងហោះហើររាប់រយជើង និងរំខានដល់ការធ្វើដំណើរតាមរថភ្លើងកាលពីថ្ងៃពុធ (១៧ មករា) ខណៈដែលព្រិលធ្លាក់ខ្លាំងនៅក្នុងរដ្ឋធានីរបស់ប្រទេសន័រវេស នាំឱ្យមានការបិទអាកាសយានដ្ឋានសំខាន់របស់ខ្លួនជាបណ្តោះអាសន្ន។

អ្នកនាំពាក្យម្នាក់បាននិយាយថា អាកាសយានដ្ឋាន ហ្វ្រែងហ្វឺដ (Frankfurt) ដ៏ធំរបស់ប្រទេសអាឡឺម៉ង់ បានលុបចោលជើងហោះហើរទាំងអស់នៅពេលរសៀល ដោយសារយន្តហោះមិនអាចហោះចេញបានព្រោះទឹកកកបានគ្របដណ្ដប់ពីលើ ប៉ុន្តែក្រោយមកបានដំណើរការឡើងវិញជាមួយនឹងសមត្ថភាពមានកំណត់ ដោយបន្ថែមថាស្ថានភាពនៅតែមិនប្រាកដប្រជា។

អាកាសយានដ្ឋាន អូស្លូ (Oslo) ក៏បានបើកដំណើរការឡើងវិញដែរ ប៉ុន្តែបាននិយាយថា ខ្លួនប្រឈមនឹងការពន្យារពេលដ៏ធំ ដែលបានធ្វើឱ្យអ្នកដំណើរជាច្រើននាក់ជាប់គាំង។
ជើងហោះហើរប្រហែល ៦៨០ជើងក្នុងចំណោម ១.០៤៧ជើងនៃការមកដល់ និងការចាកចេញរបស់អាកាសយានដ្ឋាន ហ្វ្រែងហ្វឺដ ដែលបានគ្រោងទុក ត្រូវបានលុបចោលនៅថ្ងៃនោះ។

នៅអាកាសយានដ្ឋាន ម៉ូនីច (Munich) ជើងហោះហើរចំនួន ២៥៤ជើង ត្រូវបានលុបចោល ហើយអាកាសយានដ្ឋានតូចមួយនៅភាគខាងត្បូងនៃទីក្រុង សាអាប្រ៊ូកខិន (Saarbruecken) បានបញ្ឈប់ប្រតិបត្តិការទាំងស្រុង៕