ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ និងសភាពាណិជ្ជកម្មកម្ពុជា បានពិភាក្សាគ្នា ប្រមូលធាតុចូលក្នុងការបង្កើត និងនិតីវិធីដំណើការតុលារការពាណិជ្ជកម្ម។ នៅពេលដាក់ដំណើរការ តុលាការពាណិជ្ជកម្ម រំពឹងថា នឹងផ្តល់ទំនុកចិត្ត ច្បាស់លាស់ត្រឹមត្រូវជូនដល់ ពាណិជ្ជករ វិនិយោគិន នឹងអាជីវកជាតិ នឹងអន្តរជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំពិភាក្សាទៅលើការបង្កើតតុលាការពាណិជ្ជកម្ម ធ្វើឡើងកាលពីថ្ងៃទី២៤ ខែមិថុនា ដោយមានការចូលរួមដោយឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នឹងជាប្រធានគណៈកម្មការៀបចំដំណើការតុលាការពាណិជ្ជកម្ម ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងវត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងជាសហប្រធានក្រុមការងារទាំង១៣ ផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន ព្រមទាំងចូលរួមពីប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត នឹងសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំពិភាគ្សានេះ គឺដើម្បីស្វែងយល់ និងចែករំលែកបទពិសោធន៍ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាតិ និងអន្តរជាតិផ្សេងៗ នឹង ពិភាក្សាស្តីពីដាក់ដំណើការតុលាការពាណិជ្ជកម្ម ព្រមទាំងទទួលបានធាតុចូលជាច្រើនពីផ្នែកឯកជន ដើម្បីធ្វើយ៉ាងណារៀបចំដំណើរការតុលាការពាណិជ្ជកម្មឲ្យបានឆាប់ នឹងរៀបចំនីតិវិធីច្បាប់និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ដើម្បីអនុវត្ត នឹងផ្តល់ទំនុកចិត្ត ច្បាស់លាស់ត្រឹមត្រូវជូនដល់ ពាណិជ្ជករ វិនិយោគិន នឹងអាជីវក ជាតិ នឹងអន្តរជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជា នឹងបញ្ហាផ្សេងៗមួយចំនួនទៀតនឹងកំពុងដាក់បន្តពិភាក្សាផងដែរ ។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កន្លងមក វិវាទក្នុងវិស័យជំនួញ នៅកម្ពុជា ត្រូវឆ្លងកាត់តុលាការព្រហ្មទណ្ឌ។ ប្រទេសមួយចំនួននៅតំបន់អាស៊ានដូចជាសឹង្ហបុរី ថៃ និងម៉ាឡេស៊ីមានប្រព័ន្ធតុលាការពាណិជ្ជកម្មរៀងៗខ្លួន ដែលអាចជួយដោះស្រាយវិវាទពាណិជ្ជកម្មបានប្រកបដោយប្រសិទ្ធភាពខ្ពស់។ ប្រការនេះ បានបង្កើនទំនុកចិត្តយ៉ាងខ្លាំងដល់វិនិយោគិនអន្តរជាតិធំៗជាច្រើនមកដាក់ទុនរកស៊ីនៅប្រទេសពួកគេ ដោយបានបង្កើតការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋ និងបានជួយសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះឱ្យកាន់តែមានភាពរឹងមាំ និងកាន់តែមានភាពប្រកួតប្រជែងខ្ពស់។
ឧកញ៉ា លឹម ហេង បញ្ជាក់បន្ថែមថា នៅពេលបើតុលាការពាណិជ្ជកម្មត្រូវបានបង្កើតឡើងរួចរាល់ប្រកបដោយតម្លាភាព និងយុត្តិធម៌ ខ្ញុំជឿថាវានឹងជួយទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុកមករកស៊ី និងបង្កើតរោងចក្រផលិតកាន់តែច្រើននៅកម្ពុជា៕
អត្ថបទ ៖ វណ្ណៈ