អភិបាលខេត្តកែប បានលើកឡើងថា ការស្ថាបនាផ្លូវថ្មីប្របមាត់សមុទ្រប្រវែង ជាង១២ គ.ម តភ្ជាប់ក្រុងកែបទៅឆ្នេរអង្កោល សម្រេចបានលទ្ធផលរង្វង់៩៥%ហើយ បើគិតមកដល់ពេលនេះ ហើយតាមគម្រោងផ្លូវនេះនឹងសម្រេចរួចរាល់ជាស្ថាពរនាពេលឆាប់ៗនេះ។ ឯកឧត្តមរំពឹងសមិទ្ធផលនេះ នឹងធ្វើឲ្យជីវភាពប្រជាពលរដ្ឋនៅតំបន់ឆ្នេរអង្កោលកាន់តែប្រសើរ។

ថ្លែងប្រាប់អ្នកសារព័ត័មាន ក្នុងដំណើរអញ្ជើងចុះពិនិត្យដំណើរការក្រាលបេតុងផ្លូវជិះកង់ និងថ្មើរជើង នៃគម្រោងស្ថាបនាផ្លូវប្របមាត់សមុទ្រ ពីក្រុងកែបឆ្ពោះទៅឆ្នេរអង្គោល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមសោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ទម្រាំបានផ្លូវប្របមាត់សមុទ្រ ដែលជាផ្លូវស្ថាបនាថ្មីសុទ្ធសាទនេះ អាជ្ញាធរខេត្តបានខិតខំខ្លាំងណាស់ គ្រាន់តែការសម្របសម្រួលដោះស្រាយផលប៉ះពាល់រវាងពលរដ្ឋ និងអាជ្ញាធរ ជាប់គាំងប្រមាណជាង៦ឆ្នាំ ទើបតែអាណត្តិឯកឧត្តមចូលកាន់តំណែងនេះទេ ទើបស្រុះស្រួលគ្នា រហូតឈានដល់ទទួលបានសមិទ្ធផលថ្មី ដូចពេលនេះ ។ បន្ទាប់ពីបានពិនិត្យជាក់ស្តែង និងបានជួបជាមួយនឹងមន្ត្រីជំនាញ ក្រុមការងារស្ថាបនា ឯកឧត្តមធ្វើការសន្និដ្ឋានថា បច្ចុប្បន្នផ្លូវក្រាលកៅស៊ូបានសម្រេចរួចរាល់ ផ្លូវថ្មើរជើង និងផ្លូវជិះកង់ក៏ជិតរួចរាល់ សរុបលទ្ធផលនៃការស្ថាបនាផ្លូវសម្រេចបានរង្វង់ ៩៥ភាគរយ ហើយគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ។

ឯកឧត្តមបានបន្ថែមថា ផ្លូវប្របមាត់សមុទ្រនេះក្រៅពីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ វាក៏ជាសសៃឈាមទេសចរណ៍ដ៏មានសារៈសំខាន់ផងដែរ ដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិមុន រហូតមកដល់អាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលលោកតែងតែជំរុញអោយអាជ្ញាធររាជធានី ខេត្ត ពង្រីកនូវសក្តានុពលទេសចរណ៍របស់ខ្លួន តាមរយៈការខិតខំរួមគ្នាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ដែរថា តាមរយៈសមិទ្ធផលធំៗជាច្រើនរបស់ខេត្តកែប បានចូលរួមចំណែកទាញយកប្រាក់ចំណូលបន្ថែមជាច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋ ដូចគ្នានេះដែរផ្លូវប្របមាត់សមុទ្រទៅឆ្នេរអង្កោលនេះ ពេលស្ថាបនារួច សម្ភោធដាក់ឲ្យដំណើរការ ឯកឧត្តមជឿថាគម្រោងអភិវឌ្ឍន៍លើវិស័យទេសចរណ៍នឹងហូរចូលមក ប្រជាពលរដ្ឋ អាជីវករនៅតំបន់ឆ្នេរអង្កោល នឹងកាន់តែមានជីវភាពល្អប្រសើរ៕

