រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃពុធ (១៧ មករា) ថាការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល និងផលប្រយោជន៍របស់រដ្ឋជី្វហ្វនេះដោយចលនា «អ័ក្សនៃការតស៊ូ» នឹងបញ្ឈប់ ប្រសិនបើសង្គ្រាមហ្កាហ្សាបានបញ្ចប់ ដោយព្រមានថាជម្លោះនេះអាចបង្កើនភាពតានតឹងនៅទូទាំងមជ្ឈឹមបូព៌ា។

សាធារណរដ្ឋអ៊ីស្លាមមួយនេះ គាំទ្រក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស ក្នុងសង្រ្គាមរបស់ខ្លួនជាមួយអ៊ីស្រាអែល ដែលបានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សាក្នុងការវាយលុកតាមអាកាស និងជើងគោក ហើយទីក្រុងតេអេរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិក ថាបានគាំទ្រនូវអ្វីដែលខ្លួនហៅថាឧក្រិដ្ឋកម្មអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។

លោក អាមីរ៉ាបឌូលឡាហអៀន (Amirabdollahian) បាននិយាយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដេវ៉ូស ថា «ការបញ្ចប់អំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្កាហ្សា នឹងនាំទៅដល់ការបញ្ចប់សកម្មភាពយោធា និងវិបត្តិនៅក្នុងតំបន់។

សន្តិសុខនៃសមុទ្រក្រហមត្រូវបានចងភ្ជាប់ទៅនឹងការវិវឌ្ឍន៍នៅហ្កាហ្សា ហើយមនុស្សគ្រប់គ្នានឹងរងទុក្ខ ប្រសិនបើឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែលនៅហ្កាហ្សាមិនបញ្ឈប់ ហើយសមរភូមិនៃចលនាតស៊ូទាំងអស់នឹងនៅតែសកម្ម»។

កងជីវពលហ៊ួទីគាំទ្រដោយអ៊ីរ៉ង់ ដែលបានកំណត់គោលដៅលើការដឹកជញ្ជូនសមុទ្រក្រហម នៅក្នុងអ្វីដែលខ្លួនហៅថា សាមគ្គីភាពជាមួយប៉ាឡេស្ទីនប្រឆាំងនឹងអ៊ីស្រាអែល បានគំរាមកំហែងធ្វើ «ការឆ្លើយតបដ៏ខ្លាំងក្លា និងមានប្រសិទ្ធភាព» ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអង់គ្លេសលើគោលដៅរបស់ខ្លួននៅយ៉េមែន៕