ប្រធានមូលនិធិវិនិយោគប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធថា ថវិកាយ៉ាងហោចណាស់១៥ពាន់លានដុល្លារ នឹងត្រូវការដើម្បីសាងសង់លំនៅឋានឡើងវិញនៅក្នុងតហ្កាហ្សា ដោយគូសបញ្ជាក់អំពីទំហំនៃការបំផ្លិចបំផ្លាញ បណ្តាលមកពីការវាយលុករបស់អ៊ីស្រាអែល។

ប្រធានមូលនិធិ លោក Mohammed Mustafa បាននិយាយថា របាយការណ៍អន្តរជាតិ បានបង្ហាញថា លំនៅឋានចំនួន ៣៥០.០០០ខ្នង បានរងការបំផ្លាញទាំងស្រុង ឬដោយផ្នែកនៅក្នុងតំបន់ហ្កាហ្សា។

លោកបាននិយាយថា ការសន្មត់ថាលំនៅឋាន ១៥០.០០០ខ្នង ក្នុងចំណោមលំនៅឋានទាំងនោះ នឹងចាំបាច់ត្រូវសាងសង់ឡើងវិញក្នុងតម្លៃជាមធ្យម ១០០.០០០ដុល្លារក្នុងមួយខ្នង ដែលថវិកា១៥ពាន់លានដុល្លារអាមេរិកគឺសម្រាប់លំនៅឋានខូចខាត។
លោកបាននិយាយនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសថា យើងនៅ មិនទាន់និយាយអំពីហេដ្ឋារចនាសម្ព័ន្ធ យើងមិនទាន់បាននិយាយអំពីមន្ទីរពេទ្យដែលរងការខូចខាត និងបណ្តាញអគ្គិសនីនៅឡើយទេ។
អ៊ីស្រាអែល បានកម្ទេចឲ្យទៅជាផេះផង់នៅក្នុងទឹកដីភាគច្រើន ជាយុទ្ធនាការមួយដែលអាជ្ញាធរសុខាភិបាល តំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថាបានសម្លាប់មនុស្ស ២៤.៤៤៨នាក់ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា នៅពេលដែលក្រុមប៉ាឡេស្ទីន បានបញ្ឆេះសង្រ្គាមដោយការវាយសម្រុកចូលប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងបានចាប់មនុស្ស ២៤០ នាក់ធ្វើជាចំណាប់ថ្នូរ។
តួលេខ ដែលបានចេញផ្សាយដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយ គ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បង្ហាញថា លំនៅឋានជាង ៣៦០.០០០ខ្នង បានរងការខូចខាតធ្ងន់ធ្ងរ ឬដោយផ្នែក ហើយជាង ៧០.០០០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង។
លោក Mustafa បាននិយាយថា មេដឹកនាំប៉ាឡេស្ទីន នឹងបន្តផ្តោតលើជំនួយមនុស្សធម៌ រួមមានអាហារ និងទឹក ប៉ុន្តែនៅទីបំផុតក៏ផ្តោតការយកចិត្តទុកដាក់លើការផ្លាស់ប្តូរទៅការកសាងឡើងវិញផងដែរ។