ពោធិ៍សាត់៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ មកពីគណបក្សប្រជាជនកម្ពុជា ចំនួន ១៨រូប ដឹកនាំដោយឯកឧត្តម ម៉ុង ឬទ្ធី ប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៣១១រូប ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា ទាំង៧ស្រុក ក្រុង និង៤៩ឃុំ-សង្កាត់ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ចំពោះខេត្តពោធិ៍សាត់ ទីតាំងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ គឺនៅមណ្ឌលធនធានមនុស្ស ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាពោធិ៍សាត់ ការិយាល័យបោះឆ្នោតលេខ៧០០៥ មានអ្នកបោះឆ្នោត៣៤៥នាក់ ក្នុងនោះអ្នកតំណាងរាស្ត្រ៤នាក់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំង៤៩ ចំនួន៣៤១នាក់។

ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម ម៉ុង ឬទ្ធី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារជាវិជ្ជមានរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយធានាបាននូវប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការពារបានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ ដោះស្រាយបាននូវបញ្ហាប្រឈមនានាទាន់ពេលវេលា និងធ្វើការអភិវឌ្ឍមូលដ្ឋានយ៉ាងល្អប្រសើរ និងសម្បូបែប។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានជម្រាបជូនថា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា បានសម្រេចចាត់តាំងក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៧ ចំនួន១៨រូប ដែលមានឯកឧត្តមជាប្រធាន បានមកបង្ហាញមុខជូនអង្គបោះឆ្នោតបានស្គាល់នាពេលនេះ។ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧។ ជាមួយគ្នានោះឯកឧត្តម បានអំពាវនាវដល់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់សូមថែរក្សាសុខភាព បង្កើនការប្រុងប្រយ័ត្ននូវសន្តិសុខ សណ្តាប់ធ្នាប់ និងត្រូវត្រៀមឯកសារពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ដើម្បីបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១ឱ្យបានគ្រប់ៗគ្នា៕ អត្ថបទ៖ ភិរុណ ពៅ




